កូនកំលោះម្នាក់សុខចិត្តទៅរៀបការដោយស្លៀកតែខោខ្លីមួយប៉ុណ្ណោះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍មុនពេលរៀបការបន្តិចនិងមានរបួសពេញខ្លួនមិនអាចស្លៀកឈុតរៀបការបាន
ឥណ្ឌូនេស៊ី៖ ខណៈដែលកូនក្រមុំនិងកូនកំលោះទាំងអស់បានស្លៀកពាក់ឈុតរៀបការស្អាតៗនៅក្នុងថ្ងៃរៀបការរបស់ពួកគេនោះ ស្រាប់តែមានកូនកំលោះម្នាក់ត្រូវបានគេប្រទះឃើញបង្ហាញវត្តមាននៅក្នុងថ្ងៃរៀបការដោយមិនបានពាក់អាវ ពាក់ស្បែកជើង ស្លៀកត្រឹមខោខ្លីមួយ និងមានរុំរបួសជាច្រើនកន្លែងនៅលើរាងកាយរបស់គាត់គួរឲ្យអាណិតបំផុត។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ចាវ៉ាខាងកើត នៃប្រទេសឥណ្ឌានេស៊ី ខណៈបុរសជាកូនកំលោះត្រូវបានគេស្គាល់ថាមានឈ្មោះ Suprapto និងកូនក្រមុំមានឈ្មោះថា Elinda Dwi Kristiani។

ប្រភពខាងលើបានបន្តថា ៤ ថ្ងៃមុនពេលដល់ថ្ងៃរៀបការកូនកំលោះបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូក្នុងអំឡុងពេលគាត់ជិះទៅទិញប្រេងដើម្បីយកមកទុកប្រើប្រាស់ក្នុងថ្ងៃរៀបការ ហើយរូបគាត់ត្រូវរបួសជាច្រើនកន្លែងនៅលើរាងកាយ ជាពិសេសដៃម្ខាងរបស់គាត់ត្រូវបាក់ទៀតផង។ ដោយសារតែស្នាមរបួសនិងដៃម្ខាងរបស់គាត់ត្រូវបាក់នោះ បុរសជាកូនកំលោះមិនអាចស្លៀកពាក់អ្វីក្រៅតែពីខោខ្លីបានឡើយ ហើយរូបគាត់ក៏មិនចង់លុបចោលកម្មពិធីមង្គលការរបស់គាត់ដែរព្រោះគាត់មិនចង់ឲ្យគេគ្រប់គ្នាលំបាកដោយសារតែគាត់ម្នាក់ឯង ដូចនេះគាត់ក៏សម្រេចចិត្តមករៀបការដោយស្លៀកត្រឹមតែខោខ្លីមួយតែម្តង។ ឥរិយាបថរបស់កូនកំលោះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សាធារណៈជន ព្រោះបើទោះជាគាត់ត្រូវលំបាកយ៉ាងណាក៏ដោយក៏គាត់នៅតែព្យាយាមបង្ហាញវត្តមាននៅក្នុងថ្ងៃរៀបការបានដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of buzz