អន្តរជាតិ

ស្រ្តីម្នាក់ស្លុតចិត្តយ៉ាងខ្លាំងក្រោយរកឃើញការពិតថា ភរិយារបស់កូនប្រុសគាត់គឺជាកូនស្រីបង្កើតរបស់គាត់ដែលបានបាត់ខ្លួនកាលពី ២០ ឆ្នាំមុន

BY
Pheakdey
April 7, 2021

ចិន៖ ស្តី្រជាម្តាយម្នាក់បានស្រែកទ្រហោយំយ៉ាងខ្លាំងពេញរោងការបន្ទាប់ពីគាត់បានរកឃើញថា ស្រ្តីជាកូនក្រមុំដែលនឹងត្រូវក្លាយជាកូនប្រសាររបស់គាត់នោះ តាមការពិតគឺជាកូនស្រីបង្កើតរបស់គាត់ដែលបានបាត់ខ្លួនកាលពី ២០ ឆ្នាំមុន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍ចៃដន្យបំផុតមួយនេះបានកើតឡើងនៅក្នុងខេត្ត ​ Suzhou ភាគខាងត្បូងប្រទេសចិន កាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបន្តថា ពេលទៅដល់រោងការភ្លាមស្រ្តីជាម្តាយរូបនេះបានឆ្ងល់ថា កូនក្រមុំហាក់មានមុខមាត់ស្រដៀងទៅនឹងកូនស្រីបង្កើតរបស់គាត់ដែលបានបាត់ខ្លួនកាលពី ២០ ឆ្នាំមុនខ្លាំងណាស់ ហើយបន្ទាប់មកគាត់ក៏បានសុំមើលដៃរបស់កូនក្រមុំនិងបានរកឃើញមានស្នាមដៅមួយដូចគ្នាទៅនឹងស្នាមដៅលើដៃកូនស្រីបង្កើតរបស់គាត់ ១០០%។

ភ្លាមនោះស្រ្តីជាម្តាយកូនកំលោះក៏បានផ្តើមសួរទៅកាន់ដន្លងរបស់គាត់ថា តើពួកគាត់បានទទួលកូនស្រីនេះមកចិញ្ចឹមមែនទេ? សំណួរនេះបានធ្វើឲ្យគ្រួសារខាងកូនក្រមុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែវាជាអាថ៌កំបាំងដែលគ្មានអ្នកណាម្នាក់ដឹងទាល់តែសោះក្នុងរយៈពេល ២០​ ឆ្នាំមកនេះ។ ក្រោយពីបាននិយាយរៀបរាប់ដំណើររឿងយ៉ាងយូរមកទើបការពិតមួយត្រូវបានបង្ហាញឡើង ដោយកូនក្រមុំនោះពិតជាកូនបង្កើតរបស់គាត់មែន ហើយដន្លងរបស់គាត់គឺគ្រាន់តែជាឪពុកម្តាយចិញ្ចឹមរបស់កូនក្រមុំតែប៉ុណ្ណោះ។ ស្រ្តីជាកូនក្រមុំក៏សប្បាយចិត្តរហូតដល់ស្រក់ទឹកភ្នែកយ៉ាងខ្លាំងផងដែរ ព្រោះតែគាត់បានជួបនឹងម្តាយបង្កើតរបស់គាត់វិញ។ ក្រោយការពិតត្រូវបានលាតត្រដាងពិធីមង្គលការក៏នៅតែអាចដំណើរការជាបន្តទៀតដែរ ព្រោះកូនកំលោះមិនមែនជាបងប្អូនបង្កើតរបស់កូនក្រមុំឡើយដោយរូបគាត់ក៏ជាកូនចិញ្ចឹមដែរ ពោលគឺបន្ទាប់ពីបានបាត់កូនស្រីបង្កើតរបស់ខ្លួនរួចស្រ្តីជាម្តាយរូបនេះក៏បានទៅសុំកូនគេម្នាក់មកចិញ្ចឹមជំនួសផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: