អន្តរជាតិ

អ្នកជំនាញថៃព្រមានមិនឲ្យពលរដ្ឋធ្វើដំណើរផ្តេសផ្តាសក្នុងពិធីបុណ្យសង្ក្រាន្ត ក្រោយរកឃើញកូវីដ១៩ បម្លែងខ្លួនទម្រង់ថ្មីមកពីចក្រភពអង់គ្លេសកំពុងរាតត្បាតខ្លាំងនៅបាងកក

BY
Pheakdey
April 8, 2021

ថៃ៖ អ្នកជំនាញផ្នែកជំងឺឆ្លងថៃបានបញ្ជាក់ថា ជំងឺកូវីដ ១៩ ដែលកំពុងផ្ទុះនៅក្នុងកន្លែងកំសាន្តពេលរាត្រីនៅក្នុងទីក្រុងបាងកកកាលពីពេលថ្មីៗនេះគឺជាមេរោគនៃជំងឺកូវីដ ១៩ បម្លែងខ្លួនទម្រង់ថ្មី ដែលមានប្រភពមកពីចក្រភពអង់គ្លេស។ អ្នកជំនាញរូបនេះមានឈ្មោះថា Yong Poovorawan ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជូឡាឡុងកន ហើយតាមរយៈសារព័ត៌មាន The Thaiger គាត់បានព្រមានថា ជំងឺកូវីដ ១៩ បម្លែងខ្លួនទម្រង់ថ្មីនេះអាចបង្កគ្រោះថ្នាក់ធំធេងណាស់ព្រោះវាអាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ផ្សេងទៀតលឿនជាងជំងឺកូវីដ ១៩ ធម្មតារហូតដល់ ១,៧ ដងឯណោះ។

ក្នុងស្ថានភាពអាក្រក់នេះអ្នកជំនាញដដែលនេះក៏បានព្រមានមិនឲ្យពលរដ្ឋធ្វើទៅណាមកណាផ្តេសផ្តាសនោះទេក្នុងអំឡុងពិធីបុណ្យសង្គ្រាន្តខាងមុខនេះ ហើយបើក្នុងករណីចាំបាច់បំផុតត្រូវចេញក្រៅផ្ទះពលរដ្ឋទាំងអស់ត្រូវតែអនុវត្តវិធានការអនាម័យឲ្យបានកម្រិតខ្ពស់បំផុតផងដែរ។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យ Yong Poovorawan ​ក៏បានលើកឡើងផងដែរថា គោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃតាមរយៈការជំរុញឲ្យមានភ្ញៀវទេសចរណ៍ទំនងជាគ្មានប្រសិទ្ធភាពក្នុងពេលនេះទេ ព្រោះជាក់ស្តែងមនុស្សភាគច្រើននៅតែភ័យខ្លាចឆ្លងជំងឺកូវីដ ១៩ និងមិនហ៊ានធ្វើដំណើរចេញក្រៅផ្តេសផ្តាសនោះទេ។ លោកបានបញ្ជាក់ផងដែរថា បើទោះជាពេលនេះអាជ្ញាធរសុខាភិបាលថៃកំពុងបើកយុទ្ធនាចាក់វ៉ាក់សាំងជូនពលរដ្ឋក៏ដោយតែល្បឿននៃការចាក់វ៉ាក់សាំងនោះនៅមានកម្រិតនៅឡើយ ដោយអាជ្ញាធរគ្រោងចាក់វ៉ាក់សាំងជាមធ្យមឲ្យបានចំនួន ១០០ ០០ ដូសក្នុងមួយថ្ងៃ ដូចនេះមានន័យថា គេត្រូវប្រើរយៈពេល ៣ ឆ្នាំទើបអាចសម្រេចផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងអស់បាន ផ្ទុយទៅវិញបើក្នុងករណីអាជ្ញាធរអាចវ៉ាក់សាំងបានក្នុងចំនួន ៣០០ ០០០ ដូសក្នុងមួយថ្ងៃនោះគេនឹងត្រូវការពេលតែ ១ ឆ្នាំប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

 

 

 

 

 

Share This Post: