អន្តរជាតិ

អ្នកជំនាញព្យាករណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ទម្រង់ថ្មីក្នុងប្រទេសថៃអាចកើនដល់ ១ ម៉ឺនករណីក្នុងមួយថ្ងៃបើអាជ្ញាធរគ្មានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានោះទេ

BY
Pheakdey
April 8, 2021

ថៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍  ទី ៨ ខែ មេសានេះ ក្រសួងសុខាភិបាលថៃបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលថៃសម្រេចបិទកន្លែងកំសាន្តពេលរាត្រីជាច្រើនបន្ថែមទៀតជាពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់ក្នុងទីក្រុងបាងកក ក្រោយរលកនៃការរាតត្បាតជំងឺកូវីដ ១៩ ទម្រង់ថ្មីដែលមានប្រភពមកពីចក្រភពអង់គ្លេសហាក់កំពុងរាតត្បាតដល់កម្រិតគួរឲ្យព្រួយបារម្ភហើយ។ បើតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបង្ហាញថា ត្រឹមរយៈពេល ២៤ ម៉ោងចុងក្រោយនេះមានពលរដ្ឋនៅក្នុងក្រុងបាងកកចំនួន ២៩១ នាក់ ត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មី ដែលមានលក្ខណៈរាតត្បាតឆាប់រហ័សជាងមេរោគកូវីដ ១៩ ធម្មតារហូតដល់ ១,៧ ដង និងអាចបង្កគ្រោះថ្នាក់ចំពោះអ្នកជំងឺធ្ងន់ធ្ងរខ្លាំងណាស់។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅចុងសប្តាហ៍នេះក្រុមអាជ្ញាធរសុខាភិបាលថៃនឹងបើកកិច្ចប្រជុំពិភាក្សាដើម្បីដាក់ចេញវិធានការទប់ការស្កាត់រលកថ្មីនៃជំងឺកូវីដ ១៩ នេះផងដែរ ព្រោះបើតាមការព្យាករណ៍របស់ក្រុមអ្នកជំនាញបានព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ទម្រង់ថ្មីនៅក្នុងប្រទេសថៃអាចនឹងកើនដល់ចំនួន ១០ ០០០ ករណីក្នុងមួយថ្ងៃ ប្រសិនបើរដ្ឋាភិបាលមិនព្រមដាក់ចេញវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានោះទេ។ គួរម្លឹកថា មេរោគកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីនេះបានផ្ទុះចេញពីកន្លែងកំសាន្តពេលរាត្រីនៅក្នុងក្រុងបាងកក ហើយរលកឆ្លងថ្មីនេះក៏បានបង្ខំឲ្យរដ្ឋាភិបាលថៃសម្រេចលុបចោលការរៀបចំពិធីបុណ្យសង្ក្រាន្តជាបន្ទាន់កាលពីព្រឹកម្សិលមិញនេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: