អន្តរជាតិ

ស្រ្តីជនជាតិថៃម្នាក់ត្រូវឆ្នោតជាតិជិត ២០ ម៉ឺនដុល្លារតាមរយៈការយល់សប្តិដ៏ឆុតមួយនេះ…

BY
Pheakdey
April 8, 2021

ថៃ៖ ស្ត្រីជនជាតិថៃម្នាក់មានសំណាងឈ្នះឆ្នោតជាតិបានទឹកប្រាក់ចំនួន ៦​លានបាត (១៩០ ៨៧៦ ដុល្លារអាមេរិក) តាមរយៈលេខសំណាងដែលកូនប្រុសរបស់គាត់បានយល់សប្តិឃើញ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ស្ត្រីដែលបានក្លាយជាអ្នកមានមួយប៉ប្រិចភ្នែកនេះមានឈ្មោះថា Tithiya Bantaohome រស់នៅក្នុងខេត្ត  Udon Thani ភាគខាងជើងនៃប្រទេសថៃ ហើយថ្ងៃដែលគាត់ត្រូវឆ្នោតនោះគឺថ្ងៃទី ១ ខែ មេសា កន្លងទៅនេះ តែដំណើរការនៃការប្រគល់ប្រាក់ត្រូវធ្វើឡើងនៅ ២-៣ បន្ទាប់ពីថ្ងៃចេញឆ្នោត ហើយរហូតមកទល់នឹងពេលនេះគាត់ទទួលបានលុយគ្រប់ចំនួនយកទៅផ្ទះរួចហើយ។

អ្នកស្រី Tithiya Bantaohome បានរម្លឹកថា កាលពីអំឡុងខែមីនាកន្លងទៅនេះ កូនប្រុសរបស់គាត់យបានល់សប្តិឃើញមិត្តភក្តិរបស់គេដែលទើបនឹងស្លាប់កាលពីពេលថ្មីៗមកសួរសុខទុកគេ ដោយពេលនោះមិត្តភក្តិរូបនោះបានពាក់អាវដែលមានលេខ ១៩៧០។ នៅក្នុងយល់សប្តិនោះមិត្តភក្តិរបស់កូនប្រុសអ្នកស្រី Tithiya Bantaohome បាននិយាយមកកាន់កូនប្រុសគាត់ថា តើហេតុអ្វីបានជាឯនៅតែក្រ? តើពេលណាទើបឯងអាចក្លាយជាអ្នកមាននឹងគេទៅ? និយាយរួចមិត្តភក្តិនោះក៏បានបោះលុយមួយការ៉ុងទុកឲ្យកូនប្រុសអ្នកស្រី Tithiya Bantaohome រួចហើយក៏ដើរចេញបាត់។ លុះព្រឹកឡើងកូនប្រុសអ្នកស្រី Tithiya Bantaohome​ ក៏បានដំណាលនិយាយរឿងនេះ ហើយគាត់ក៏បានទិញឆ្នោតជាច្រើនលេខដោយផ្នែកតាមការកាត់សប្តិ ហើយលេខដែលគាត់បានត្រូវរង្វាន់ធំនោះគឺលេខ ៤៧២២៧០ ដែលគាត់បានទិញនៅឯធនាគារ Kasikorn ។ សូមបញ្ជាក់ថា ឆ្នោតដែលអ្នកស្រី Tithiya Bantaohome បានទិញនោះគឺជាឆ្នោតជាតិរបស់រដ្ឋាភិបាលថៃ ហើយការទិញឆ្នោតនេះគឺមិនត្រូវបានគេចាត់ទុកថា ជាការលេងល្បែងស៊ីសងខុសច្បាប់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: