ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះអង្គម្ចាស់ហ្វីលីព ស្វាមីព្រះមហាក្សត្រីអេលីហ្សាប៊ែតទី ២ បានយាងចូលទិវង្គតហើយ

    BY Pheakdey April 10, 2021
    ព្រះអង្គម្ចាស់ហ្វីលីព ស្វាមីព្រះមហាក្សត្រីអេលីហ្សាប៊ែតទី ២ បានយាងចូលទិវង្គតហើយ

    អង់គ្លេស៖ យោងតាមសារព័ត៌មាន បាកកកប៉ុស្តិ៍ បានរាយការណ៍ថា​ ព្រះអង្គម្ចាស់ហ្វីលីព (Philip) ដែលជាស្វាមីរបស់ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី ២ (Queen Elizabeth II) នៃប្រទេសអង់គ្លេសបានសោយទិវង្គតហើយ កាលពីព្រឹកថ្ងៃសុក្រទី ៩ មេសា ម្សិលមិញនេះ។ បើយោងតាមលិខិតប្រកាសរបស់ព្រះបរមរាជវាំងអង់គ្លេសគឺព្រះអង្គម្ចាស់ហ្វីលីពបានយាងចូលទិវង្គតដោយជរាពាធ ក្នុងព្រះជន្ម ៩៩​ ព្រះវស្សា ហើយព្រះអង្គម្ចាស់បានសោយទិវង្គតដោយសេចក្តីស្ងប់សុខជាទីបំផុតផងដែរ។ ព្រះបរមរាជវាំងអង់គ្លេសបានបញ្ជាក់ថា ដោយគោរពតាមព្រះរាជបណ្តាំរបស់ព្រះអង្គគឺគេនឹងមិនរៀបចំព្រះរាជពិធីបុណ្យសពរបស់ព្រះអង្គជាលក្ខណៈជាតិនៅទូទាំងប្រទេសនោះទេ ហើយដោយមានបញ្ហាកូវីដ ១៩ ទៀតនោះ អាជ្ញាធរក៏បានអំពាវនាវមិនឲ្យពលរដ្ឋអង់គ្លេសមកចូលរួមកម្មពិធីបុណ្យសពរបស់ព្រះអង្គជាលក្ខណៈទ្រង់ទ្រាយធំដែលមានមនុស្សច្រើនកកកុញផងដែរ។

    តាមគម្រោងព្រះរាជពិធីបុណ្យសពរបស់ព្រះអង្គម្ចាស់ហ្វីលីពនឹងត្រូវបានគេរៀបចំឡើងនៅឯព្រះវិហារ Saint-George ដែលស្ថិតនៅក្នុងវិមាន Windsor ដោយមិនមានអ្នកចូលរួមមិនច្រើននោះទេ ពោលគឺមានតែមន្ត្រីជាន់ខ្ពស់និងគ្រួសាររាជវង្សមួយចំនួនប៉ុណ្ណោះ។ យ៉ាងណាក្តី នៅខាងមុខព្រះបរមរាជវាំង Buckingham កណ្តាលទីក្រុងឡុងដ៍វិញ គេបានប្រទះឃើញមានពលរដ្ឋអង់គ្លេសជាច្រើនបានផ្លាស់វេនគ្នាយកបាច់ផ្កាទៅគោរពវិញ្ញាណក្ខន្ធព្រះអង្គដើម្បីសម្តែងនូវការដឹងគុណចំពោះសេចក្តីក្លាហាននិងការលះបង់ដ៏ខ្ពស់ខ្ពស់របស់ព្រះអង្គក្នុងការបំរើនិងការពាររបបរាជានិយមនៅអង់គ្លេសនាពេលកន្លងមក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: