ថៃកំពុងប្រឈមនឹងបញ្ហាខ្វះគ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដ ១៩
ថៃ៖ ខណៈដែលតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ចេះតែបន្តកើនឡើងយ៉ាងគំហុកនោះ ពេលនេះអាជ្ញាធរសុខាភិបាលថៃកំពុងតែប្រឈមនឹងបញ្ហាចម្បងមួយបន្ថែមទៀតគឺបញ្ហាខ្វះខាតគ្រែសម្រាប់ឲ្យជនរងគ្រោះសម្រាកព្យាបាលជំងឺ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា បញ្ហាដ៏រសើបមួយនេះហាក់កំពុងកើតមាននៅតាមបណ្តាមន្ទីរពេទ្យធំៗជាច្រើនទាំងនៅក្នុងទីក្រុងនិងនៅតាមខេត្ត ខណៈក្រុមអ្នកជំងឺជាច្រើនបាននាំគ្នាត្អូញត្អែអំពីបញ្ហានេះយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម។ ជាក់ស្តែងលោក Boworn Tapla ដែលជាតារាបាល់ទាល់ដ៏ល្បីរបស់ក្លឹប Chiang Mai United បានរៀបរាប់នៅក្នុងបណ្តាញសង្គមរបស់គាត់ថា ប្រពន្ធនិងកូនស្រីរបស់គាត់បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី ១២ ខែមេសាកន្លងទៅនេះ តែខាងមន្ទីរពេទ្យមិនអាចទទួលពួកគាត់ឲ្យសម្រាកព្យាបាលបានភ្លាមៗនោះទេ ពោលគឺត្រូវរង់ចាំរហូតដល់ ៤ ថៃ្ង ទើបអាចចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យបាន។

បើតាមអាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ថៃត្រូវការគ្រែពេទ្យប្រមាណជា ២៥ ០០០ គ្រែបន្ថែមទៀតនៅទូទាំងប្រទេស ទើបអាចឆ្លើបតបនឹងកំណើតអ្នកជំងឺកូវីដ ១៩ ក្នុងពេលនេះបាន ខណៈរហូតមកទល់នឹងពេលនេះមន្ទីរពេទ្យយោធា ឬមន្ទីរពេទ្យសាងសង់នៅទីវាលក៏ត្រូវបានក្រុមយោធាថៃសាងសង់ឡើងជាច្រើនកន្លែងរួចមកហើយដែរ។ គួរបញ្ជាក់ជូនថា រយៈពេល ៥ ថ្ងៃជាប់ៗគ្នានេះពោលគឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ មេសា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសថៃបានកើនឡើងលើសពីចំនួន ១ ពាន់នាក់ ហើយចំនួនដ៏ច្រើននេះគឺជាកំណត់ត្រាដ៏អាក្រក់មិនធ្លាប់មាននៅក្នុងប្រទេសថៃផងដែរចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ ជាសកលមក៕



អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍