អន្តរជាតិ

ថៃនឹងទុកឲ្យអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលព្យាបាលនៅតាមផ្ទះ ក្រោយមន្ទីរពេទ្យកំពុងខ្វះខាតគ្រែពេទ្យខ្លាំង

BY
Pheakdey
April 20, 2021

ថៃ៖ ដើម្បីឆ្លើយតបនឹងបញ្ហាខ្វះគ្រែពេទ្យសម្រាប់ទុកព្យាបាលអ្នកជំងឺកូវីដ ១៩ នោះ អាជ្ញាធរសុខាភិបាលថៃគ្រោះនឹងដាក់ចេញនូវគោលការណ៍ថ្មីមួយដោយតម្រូវឲ្យអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលត្រូវធ្វើចត្តាឡីស័កនិងទទួលការព្យាបាលនៅក្នុងផ្ទះដោយខ្លួនឯង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា នៅក្នុងគម្រោងដែលអាជ្ញាធរថៃបានពិភាក្សាកាលពីម្សិលមិញនេះ គេក៏ចង់ទុកឲ្យអ្នកជំងឺកូវីដ ១៩ ដែលគ្មានសញ្ញានឹងអាចជួយសង្គ្រោះជីវិតបានឲ្យបន្តសម្រាកព្យាបាលនៅក្នុងផ្ទះខ្លួនឯងផងដែរ តែបញ្ហានេះគឺជាបញ្ហាដ៏រសើបបំផុតដែលត្រូវទាមទាឲ្យមានការវិនិច្ឆ័យខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ហើយបើគោលការណ៍នេះត្រូវបានអនុវត្តមែនក៏ត្រូវភ្ជាប់នូវលក្ខខណ្ឌមួយចំនួនបន្ថែមទៀតផងដែរ។

តាមរយៈវិធានការខាងលើនេះអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលម្នាក់អាចនឹងត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះខ្លួនឯងរហូតដល់ ១ ខែពេញដោយរាប់ចាប់ពីពេលបានឆ្លងជំងឺរហូតដល់ក្រោយព្យាបាលរួចក៏ត្រូវបន្តធ្វើចត្តាឡីស័ក ១៤ ថ្ងៃបន្ថែមទៀតផងដែរ។ គួររម្លឹកថា ថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ក្នុងចំនួនលើសពី ១ ពាន់នាក់រយៈពេល ៦ ថ្ងៃជាប់គ្នាមកហើយ ដែលវាគឺជាតួលេខអ្នកឆ្លងដ៏ច្រើនបំផុតសម្រាប់ថៃ ខណៈអាជ្ញាធរសុខាភិបាលថៃបានព្យាករណ៍ថា​ ថៃនឹងត្រូវការគ្រែពេទ្យចំនួន ២៥ ០០០ ​បន្ថែមទៀតនៅទូទាំងប្រទេសទើបអាចឆ្លើយតបនឹងកំណើនអ្នកជំងឺកូវីដ ១៩ យ៉ាងគំហុកក្នុងពេលនេះបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: