ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះ បុគ្គលិកសុខាភិបាលជួរមុខនៅប្រទេសថៃ ចំនួន ១៤៦នាក់បានឆ្លងកូវីដ១៩

    BY Pheakdey April 21, 2021
    ម្សិលមិញនេះ បុគ្គលិកសុខាភិបាលជួរមុខនៅប្រទេសថៃ ចំនួន ១៤៦នាក់បានឆ្លងកូវីដ១៩

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា មានបុគ្គលិកសុខាភិបាលជួរមុខនៅក្នុងប្រទេសថៃចំនួន ១៤៦ នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃ អង្គារ ទី ២០ មេសា ម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមអ្នកបុគ្គលិកសុខាភិបាលជួរមុខទាំងនោះគឺមានទាំងវេជ្ជបណ្ឌិតនិង​គិលានុបដ្ឋាយិកា ដែលនាពេលកន្លងមកពួកគាត់សុទ្ធតែបានធ្វើការងារយ៉ាងសកម្មក្នុងការជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ។ បើតាមអាជ្ញាធរសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំណោមបុគ្គលិកសុខាភិបាលដែលបានឆ្លងជំងឺកូវីដ ១៩ ទាំងអស់នេះគឺមានបុគ្គលិកសុខាភិបាលចំនួន ៣៣ បានឆ្លងពីអ្នកជំងឺផ្ទាល់តែម្តង ខណៈបុគ្គលិកសុខាភិបាលជាង ១០០ នាក់ផ្សេងទៀតបានឆ្លងជំងឺកូវីដ ១៩ នៅក្រៅម៉ោងការងារ ហើយពួកគាត់ក៏​បានព្យាយាមលាក់បាំងអំពីប្រវត្តិនៃការធ្វើដំណើរដែលជាដើមហេតុបង្កឲ្យមានការចម្លងនេះទៀតផង។

    បើយោងទៅច្បាប់នៅក្នុងប្រទេសថៃបានកំណត់ថា ពលរដ្ឋណាដែលបានលាក់បាំងប្រវត្តិនៃការធ្វើដំណើររបស់ខ្លួនព្រោះមិនចង់ឲ្យគេសង្ស័យថាខ្លួនបានពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ១៩ ឬកន្លែងមានផ្ទុះជំងឺកូវីដ ១៩ នោះនឹងត្រូវពិន័យជាប្រាក់ម្នាក់ ២០ ០០០ បាត (៦៣៩ ដុល្លារអាមេរិក)។ គួរបញ្ជាក់ថា រលកទី ៣ នៃជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសថៃនៅពេលហាក់មានលក្ខណៈធ្ងន់ធ្ងរខ្លាំងណាស់ ដោយក្នុងរយៈពេល ៦ ថ្ងៃចុងក្រោយនេះតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃកើនឡើងលើសពី ១ ពាន់នាក់ក្នុងមួយថ្ងៃ ខណៈខាងមន្ទីរពេទ្យកំពុងប្រឈមនឹងបញ្ហាខ្វះគ្រែពេទ្យយ៉ាងច្រើនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: