Apple នឹងចេញលក់កុំព្យូទ័រ iMac ដែលមានពណ៌ចម្រុះចំនួន ៧ ពណ៌ផ្សេងគ្នានៅចុងខែនេះ
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Apple គ្រោងនឹងចេញលក់កុំព្យូទ័រ iMac ជំនាន់ថ្មីរបស់ខ្លួនដោយមានរចនាពណ៌យ៉ាងស្រស់ស្អាតផ្សេងៗគ្នារហូតដល់ទៅ ៧ ពណ៌ ហើយក្នុងនោះរួមមានទាំងពណ៌ស្វាយ ពណ៌លឿង និងពណ៌ខៀវទៀតផង។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Business insider បានឲ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេគឺកុំព្យូទ័រ iMac ចម្រុះពណ៌លើកដំបូងរបស់ក្រុមហ៊ុន Apple នេះនឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងថ្ងៃទី ៣០ ខែ មេសា នេះហើយសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក ខណៈការចែកចាយទៅកាន់ប្រទេសផ្សេងៗអាចនឹងត្រូវធ្វើឡើងនៅដើមខែឧសភា។

ក្រៅតែពីមានពណ៌ស្រស់ស្អាតរហូតដល់ទៅ ៧ ជម្រើស iMac ឆ្នាំ ២០២១ ក៏ត្រូវបានរាយការណ៍ថា បានអភិវឌ្ឍន៍នូវបច្ចេកវិទ្យាមួយចំនួនផងដែរ ដូចជាប្រើប្រព័ន្ធដំណើរការ M1 processor បំពាក់នូវ Speakers, Microphones និងកាមេរ៉ាទំនើបជាងមុន ដែលសាកសម្យបំផុតសម្រាប់អ្នកធ្វើការងារនៅតាមផ្ទះនិងរៀន Online ក្នុងសម័យកូវីដ ១៩ នេះ។ ចំពោះតម្លៃរបស់ iMac ឆ្នាំ ២០២១ នេះវិញគឺមានតម្លៃចាប់ពី ១ ២៩៩ ដុល្លាអាមេរិក រហូតដល់ ១ ៤៩៩ ដុល្លាអាមេរិក (តម្លៃនៅបរទេស) អាស្រ័យទៅតាមពណ៌និងទំហំម៉ាស៊ីនកុំព្យូទ័រផ្សេងៗគ្នា ដោយក្នុងនោះ iMac ដែលមានទំហំ 7-core GPU, 8GB of RAM និង 256GB of storage គឺមានតម្លៃខ្ទង់ ១ ២៩៩ ដុល្លាអាមេរិក ឬលើសនេះបន្តិចបន្តួចអាស្រ័យទៅតាមពណ៌។ ដោយឡែកសម្រាប់តម្លៃខ្ទង់ ១ ៤៩៩ ដុល្លាអាមេរិក គឺលោកអ្នកអាចទិញ iMac ដែលមានទំហំ 8-core GPU, 8-core CPU, 8GB of memory និង 256GB of storage៕

អត្ថបទ៖ ភក្តី
ប្រភព៖ Business insider