ទាំងនេះជាទម្លាប់ខុសឆ្គងមួយចំនួនក្នុងការប្រើប្រាស់ម៉ាស់ដែលងាយនឹងចម្លងមេរោគបំផុត តែមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍នោះទេ
មនុស្សភាគច្រើនបានដឹងត្រឹមថា ការមិនបានពាក់ម៉ាស់នៅទីសាធារណៈគឺអាចប្រឈមនឹងការឆ្លងមរៅគផ្សេងៗ ក៏ដូចជាជំងឺកូវីដ ១៩ ផងដែរ តែពួកគេមិនបានចាប់អារម្មណ៍ទេថា ទម្លាប់នៃប្រើប្រាស់មិនមានត្រឹមត្រូវក៏ជាកត្តាមួយដែលបង្កឲ្យមានការចម្លងមរោគផងដែរ។ ទម្លាប់នៃការប្រើប្រាស់ម៉ាស់មិនត្រឹមត្រូវមួយចំនួន ដែលក្រុមអ្នកជំនាញបានសង្កេតឃើញពលរដ្ឋធ្វើជាញឹកញាប់នោះមានដូចជា ទាញម៉ាស់មកទុកត្រឹមចង្កា យកម៉ាស់មកពាក់នៅកែងដៃពេលរត់ហាត់ប្រាណ និងការយកម៉ាស់ដែលពាក់រួចមកទុកក្នុងហោប៉ៅខោ ឬក្នុងកាបូបជាដើម។ បើយោងតាមលោក Grace Huang ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺឆ្លងម្នាក់នៅក្នុងប្រទេសសិង្ហបុរីបានពន្យល់ថា ពេលដែលលោកអ្នកទាញម៉ាស់មកទុកត្រឹមចង្កាគឺផ្ទៃខាងក្រៅរបស់ម៉ាស់អាចប៉ះជាមួយនឹងករបស់អ្នក ឬពេលខ្លះបើលោកអ្នកទាញវាមិនប្រយ័ត្ននោះទេផ្ទៃខាងក្រៅក៏អាចប៉ះនឹងផ្ទៃខាងក្នុងបានដែរ ហើយក្នុងករណីនេះប្រសិនបើផ្ទៃខាងក្រៅនៃម៉ាស់នោះមានផ្ទុកមេរោគគឺមេរោគអាចនឹងឆ្លងបន្តទៅផ្ទៃខាងក្នុងនិងបរិវេណករបស់លោកអ្នក ហើយពេលលោកអ្នកទាញម៉ាស់មកពាក់ដូចធម្មតាវិញគឺអាចឆ្លងមេរោគបានតែម្តង។

ចំពោះការយកម៉ាស់មកពាក់នៅកែងដៃវិញក៏អាចមានហានិភ័យដែល ព្រោះពេលនោះមេរោគអាចជាប់នៅកែងដៃរបស់លោកអ្នក ហើយពេលដែលលោកអ្នកហាត់ប្រាណបែកញើសមេរោគនោះក៏បន្តហូរមកដើមដៃ ខ្នងដៃ ឬបាតដៃ ហើយពេលដែលលោកអ្នកចាប់ផ្តើមយកដៃមកជូតញើសនៅលើផ្ទៃមុខក៏ជាឱកាសនៃឆ្លងមេរោគបានផងដែរ។ ដោយឡែកចំពោះការដាក់ម៉ាស់ដែលប្រើប្រាស់រួចនៅក្នុងហោប៉ៅខោឬកាបូបវិញគឺមានអាត្រាចម្លងមេរោគខ្ពស់ណាស់ ព្រោះលោកអ្នកនឹងត្រូវយកដៃលូកចូលក្នុងហោប៉ៅជាច្រើនដង ឬកាន់កាបូបជាច្រើនដងក្នុងមួយថ្ងៃៗ ដែលវាជាកត្តាជំរុញការចម្លងមេរោគបានយ៉ាងងាយប្រសិនបើនៅម៉ាស់នោះម្នាក់ផ្ទុកមេរោគ។ ដូចនេះក្នុងការរក្សាទុកម៉ាស់ដែលប្រើប្រាស់រួចក្នុងរយៈពេលខ្លី សុំឲ្យប្រាកដថាផ្ទៃខាងក្រៅរបស់ម៉ាស់មិនអាចប៉ះពាល់ទៅនឹងកន្លែងផ្សេង ឬផ្នែកផ្សេងៗនៃរាងកាយរបស់លោកអ្នកនោះទេ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia