ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វ៉ាក់សាំង Pfizer ក្លែងក្លាយជាច្រើនត្រូវគេប្រទះឃើញមានលក់នៅក្នុងប្រទេសម៉ិចស៊ីកូនិងប៉ូឡូញ

    BY Pheakdey April 23, 2021
    វ៉ាក់សាំង Pfizer ក្លែងក្លាយជាច្រើនត្រូវគេប្រទះឃើញមានលក់នៅក្នុងប្រទេសម៉ិចស៊ីកូនិងប៉ូឡូញ

    ក្នុងពេលដែលពិភពលោកកំពុងតែមានភាពចលាចលដោយវិបត្តិនៃជំងឺកូវីដ ១៩ ជនខិលខូចជាច្រើនបានឆ្លៀតឱកាសបន្លំលក់វ៉ាក់សាំងក្លែងក្លាយក្នុងរូបភាពផ្សេងៗ ហើយសម្រាប់អ្នកត្រូវការវាជាបន្ទាន់នោះហ៊ានទិញវ៉ាក់សាំងទាំងនោះក្នុងតម្លៃដ៏ខ្ពស់ទៀតផង។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thaipbsworld បានឲ្យដឹងថា វ៉ាក់សាំងកូវីដ ១៩ របស់អាមេរិកប្រភេទ Pfizer ក្លែងក្លាយជាច្រើនត្រូវបានគេប្រទះឃើញមានដាក់លក់នៅក្នុងប្រទេសម៉ិចស៊ីកូនិងប្រទេសប៉ូឡូញ ដែលតម្លៃរបស់វ៉ាក់សាំងក្លែងក្លាយទាំងនោះត្រឹមតែមួយដូសអាចមានតម្លៃរហូតដល់ ១ ០០០ ដុល្លារអាមេរិកឯណោះ។ អាជ្ញាធរសុខាភិបាលម៉ិចស៊ីកូបានរាយការណ៍ថា មានពលរដ្ឋម៉ិចស៊ីកូចំនួន ៨០ នាក់បានទទួលវ៉ាក់សាំងកូវីដ ១៩ ក្លែងក្លាយទាំងនោះ ហើយពួកគេមិនបានកើតមានប្រតិកម្មបែបអវិជ្ជមានណាមួយនោះទេក្រោយចាក់វ៉ាក់សាំងរួច តែអ្វីដែលសំខាន់នោះគឺវ៉ាក់សាំងទាំងនោះគ្មានប្រសិទ្ធភាពទាល់តែសោះ។

    ដោយឡែកសម្រាប់អាជ្ញាធរប៉ូឡូញបានបញ្ជាក់ថា​ វ៉ាក់សាំង Pfizer ក្លែងក្លាយដែលគេបានរកឃើញនៅក្នុងប្រទេសប៉ូឡូញវិញតាមការពិតគឺជាទៅជាផលិតផលគ្រឿងសម្អាងដែលគេប្រើសម្រាប់ជួយការពារកុំឲ្យស្បែកជ្រីវជ្រួញ ហើយផលិតផលប្រភេទនេះគឺគ្មានគ្រោះថ្នាក់សម្រាប់សុខាភាពអ្នកចាក់នោះទេ។ យ៉ាងណាក្តី វ៉ាក់សាំងក្លែងក្លាយទាំងនោះគឺគ្មានប្រសិទ្ធភាពទាល់តែសោះ ហើយចំពោះគុណវិបត្តិរបស់វាគឺវាបានធ្វើឲ្យពលរដ្ឋខ្ជះខ្ជាយលុយឥតប្រយោជន៍និងបានធ្វើឲ្យពលរដ្ឋមួយចំនួនយល់ច្រឡំថា ពួកគេបានចាក់វ៉ាក់សាំងការពាររួចទៅហើយ ដែលធ្វើឲ្យពួកគេអាចនឹងភ្លេចការពារខ្លួនហើយត្រូវប្រឈមនឹងការឆ្លងមេរោគបានយ៉ាងងាយផងដែរ។ ក្រោយកើតមានហេតុការណ៍ខាងលើនេះ លោក Lev Kubiak ដែលជាប្រធានផ្នែកសុវត្ថិភាពសកលរបស់ក្រុមហ៊ុន Pfizer បានចេញមកអំពាវនាវថា អាជ្ញាធរនៃប្រទេសនីមួយៗត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាតចំពោះការចែកចាយវ៉ាក់សាំងក្លែងក្លាយ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់ការទទួលស្គាល់គុណភាពវ៉ាក់សាំងពិតប្រាកដយ៉ាងខ្លាំង ហើយក្នុងករណីខ្លះវាក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thaipbsworld

     

    Share This Post: