ហុងកុងរកឃើញអ្នកដំណើរមកពីឥណ្ឌា ៥២ នាក់វិជ្ជមានកូវីដ ១៩ ទាំងដែលអ្នកដំណើរទាំងនោះធ្លាប់ធ្វើតេស្តម្តងរួចហើយទទួលបានលទ្ធផលអវិជ្ជមានមុនពេលហោះហើរ
ហុងកុង៖ អ្នកដំណើរចំនួន ៥២ នាក់ដែលបានហោះហើរចេញពីទីក្រុង Delhi នៃប្រទេសឥណ្ឌាឆ្ពោះទៅកាន់ទីក្រុងហុងកុងត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ដែលនេះជាតួលេខឆ្លងដ៏ច្រើនបំផុតមួយក្នុងចំណោមអ្នកដំណើរ ខណៈដែលអ្នកដំណើរទាំងនេះសុទ្ធតែតម្រូវឲ្យបង្ហាញលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៣ ថ្ងៃមុនថ្ងៃចេញដំណើរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ ១៩ ទាំង ៥២ នាក់ខាងលើនេះគឺជាអ្នកដំណើរក្នុងចំណោមអ្នកដំណើរចំនួន ១៨៨ នាក់ផ្សេងទៀត ដែលបានធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Vistara និងបានមកដល់ទីក្រុងហុងកុងកាលពីថ្ងៃទី ៤ មេសាកន្លងទៅនេះ ហើយអ្នកដំណើរទាំងនេះត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ៣ សប្តាហ៍ក្នុងសណ្ឋាគារក្នុងក្រុងហុងកុងផងដែរ។

បើយោងតាមអ្នកជំនាញហុងកុងបានលើកឡើងថា ការឆ្លងជំងឺកូវីដ ១៩ ដ៏ច្រើនក្នុងចំណោមអ្នកដំណើរទាំងនេះអាចកើតឡើងនៅក្នុងលក្ខខណ្ឌចំនួន ៤ ដូចជា៖
១- អ្នកដំណើរបានឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសប្រទេសឥណ្ឌា ដោយបានឆ្លងក្នុងរយៈ ៧២ ម៉ោង បន្ទាប់ពីពួកគេបានបង្ហាញលទ្ធផលតេស្តអវិជ្ជមានទៅកាន់ក្រុមហ៊ុនអាកាសចរណ៍រួច។
២- ប្រព័ន្ធត្រួតពិនិត្យសុខភាពរបស់អាជ្ញាធរសុខាភិបាលឥណ្ឌាគ្មានប្រសិទ្ធភាព ឬអ្នកដំណើរមួយចំនួនបានបង្ហាញលទ្ធផលតេស្តអវិជ្ជមានក្លែងក្លាយទៅកាន់ក្រុមហ៊ុនអាកាសចរណ៍។
៣- ពួកគេបានឆ្លងជំងឺកូវីដ ១៩ នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅក្នុងទីក្រុងហុងកុង។
៤- មេរោគនៃជំងឺកូវីដ ១៩ ដែលមាននៅក្នុងខ្លួនអ្នកដំណើរទាំងនោះជាប្រភេទមេរោគកាចសាហាវខ្លាំង ដែលអាចចម្លងនៅក្នុងយន្តហោះបាន បើទោះជានៅក្នុងយន្តហោះមានតម្រងការពារខ្យល់រវាងអ្នកដំណើរម្នាក់ៗក៏ដោយ។
យ៉ាងណាក្តី ករណីនេះជាគឺករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អាជ្ញាធរសុខាភិបាលហុងកុង ដែលត្រូវត្រួតពិនិត្យនិងតាមតាមដានឲ្យបានល្អិតល្អន់ បើមិនដូចនោះវាអាចអាចបង្កគ្រោះថ្នាក់នៃការរាត្បាតជំងឺកូវីដ ១៩ នៅក្នុងទីក្រុងហុងកុងខ្ពស់ខ្លាំងណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail