ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកអនុញ្ញាតឲ្យពលរដ្ឋដែលចាក់វ៉ាក់សាំងកូវីដ ១៩ រួចអាចចេញក្រៅដោយមិនចាំបាច់ពាក់ម៉ាស់

    BY Pheakdey April 28, 2021
    អាមេរិកអនុញ្ញាតឲ្យពលរដ្ឋដែលចាក់វ៉ាក់សាំងកូវីដ ១៩ រួចអាចចេញក្រៅដោយមិនចាំបាច់ពាក់ម៉ាស់

    អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចអាចធ្វើដំណើរចេញក្រៅដូចជាទៅឡើងភ្នំឬដើរលេងតាមទី សាធារណៈដោយមិនចាំបាច់ពាក់ម៉ាស់នោះទេ យ៉ាងណាក្តីពួកគេអាចនឹងតម្រូវឲ្យពាក់របាំងបា្លស្ទិកនៅតាមទីតាំងមួយចំនួនដែលអាជ្ញាធរសុខាភិបាលបានកំណត់តែប៉ុណ្ណោះ។ ប្រភពខាងលើបានបញ្ជាក់ថា សេចក្តីសម្រេចចំពោះការអនុញ្ញាតខាងលើនេះត្រូវបានប្រកាសដោយលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងនិយតករសុខភាពអាមេរិក កាលពីថ្ងៃទី ២៧ មេសា ម្សិលមិញនេះ ខណៈពេលនោះលោក ចូ បៃឌិនក៏បានអំពាវនាវឲ្យពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងផងដែរ ប្រសិនបើពួកគេចង់មានសេរីភាពពីការពាក់ម៉ាស់។

    ទន្ទឹមគ្នានេះសហរដ្ឋអាមេរិកក៏បានអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចអាចធ្វើការជួបជុំគ្នានៅទីសាធារណៈជាលក្ខណៈទ្រង់ទ្រាយតូចបានផងដែរ ដូចជាការចេញទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានឬរៀបចំអាហារពេលល្ងាចជុំគ្នាក្នុងចំណោមពលរដ្ឋមិនច្រើននាក់។ គួរបញ្ជាក់ថា ការអនុវត្តវិធានការដែលមានលក្ខណៈមិនសូវតឹងរឹងនេះត្រូវបានធ្វើឡើងក្រោយពេលចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងអាមេរិកបានធ្លាក់ចុះ ១៦% ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងស្របពេលដែលពលរដ្ឋពេញវ័យនៅអាមេរិកជាង ៥០% បានចាក់វ៉ាក់សាំងរួច ហើយពលរដ្ឋ ៤៣% នៃពលរដ្ឋសរុបនៅអាមេរិកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ១ រួចហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: