សង្គម

អតីតពលករធ្វើការនៅប្រទេសកូរ៉េត្រកូល ឡេង ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ដល់ក្រសួងការងារក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

BY
Liny Chan
April 29, 2021

បងប្អូនប្រកូល ឡេង គឺលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមល ទទួលបានការថ្លែងអំណរគុណកោតសរសើរពីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បន្ទាប់ពីលោកបន្តឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់យុទ្ធការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់មន្រ្តីរាជការ កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនៃក្រសួងការងារ។

ក្នុងចំណោមសប្បុរជនខ្មែរ ដែលមានបេះដូងសប្បុរសដ៏បរិសុទ្ធ ព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះ សុខទុក្ខជនរួមជាតិខ្មែរដូចគ្នា ក៏មានលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមនល ដែលជានិច្ចកាលតែងតែជួយជនក្រីក្រ និងការគាំទ្រឧបត្ថម្ភដល់រាជរដ្ឋាភិបាលជាបន្តបន្ទាប់។

ប្រធានក្រុមហ៊ុនខ្នាតយក្ស ណាវ៉ាត្រា ឯ.ក លោកឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា៖ ដោយយើងខ្ញុំអតីតធ្លាប់ជាពលករ កម្មករ យើងខ្ញុំមានសេចក្ដីរីករាយណាស់ដែលមានលទ្ធភាពបរិច្ចាគថវិកានេះ ដើម្បីចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត នាពេលបច្ចុប្បន្ន។

តាមលិខិតថ្លែងអំណរគុណ ជូនចំពោះ ឧកញ៉ា ឡេង ប្រុស របស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានបញ្ជាក់យ៉ាងដូច្នេះ មន្រ្តីរាជការ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះ ឧកញ៉ា ឡេង ប្រុស ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៣០ ០០០ (សាមសិបពាន់) ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងបង្អូនកម្មករនិយោជិត។

ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ សូមសម្តែងការកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ឧកញ៉ា ឡេង ប្រុស ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល គ្រប់កាលៈទេសៈបានយ៉ាងទាន់ពេលវេលា។

សូមបញ្ជាក់ថា លទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនបងប្អូនកម្ម ករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ថ្ងៃទី២៥ ដល់ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២១ របស់ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចំនួន ៩ ៩១១នាក់ ក្នុងនោះក៏មានជនបរទេសចំនួន ៤៧៥នាក់ផងដែរ៕

Share This Post: