ឥណ្ឌាកំពុងប្រឈមនឹងបញ្ហាខ្វះខ្យល់អ៊ុកស៊ីសែនជួយអ្នកជំងឺកូវីដ១៩ យ៉ាងខ្លាំង ខណៈអ្នកបាត់បង់ជីវិតទៅហើយក៏ពិបាកដឹកជញ្ជូនយកទៅបូជាដែរ
ឥណ្ឌា៖ ស្ថានភាពនៅក្នុងប្រទេសឥណ្ឌាហាក់កាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានបន្តឡើងយ៉ាងគំហុក ខណៈនៅតាមមន្ទីរពេទ្យកំពុងប្រឈមនឹងបញ្ហាខ្វះខាតបរិក្ខាពេទ្យ រថយន្តសង្គ្រោះបន្ទាន់ គ្រែពេទ្យ និងខ្យល់អ៊ុកស៊ីសែនយ៉ាងខ្លាំង។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានរាយការណ៍ថា មានស្ត្រីឥណ្ឌាម្នាក់ត្រូវបានគេប្រទះឃើញដឹកសាកសពកូនដោយប្រើម៉ូតូកង់បី ដែលមើលទៅគួរឲ្យអាណោធអាធ័មជាទីបំផុត។ ប្រភពបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងព្រោះតែនៅតំបន់កើតហេតុនោះគ្មានរថយន្តសង្គ្រោះបន្ទាន់សម្រាប់ប្រើប្រាស់នោះទេ។

ប្រភពខាងលើបានបន្តថា ក្នុងពេលកំពុងមានចលាចលនេះពលរដ្ឋឥណ្ឌាជាច្រើនបាននាំគ្នាទៅទិញខ្យល់អ៊ុកស៊ីសែនពីទីផ្សារងងឹតដើម្បីយកមកជួយសង្គ្រោះជីវិតសាច់ញាតិរបស់ពួកគេហើយខ្យល់អ៊ុកស៊ីនទាំងនោះមានតម្លៃខ្ពស់ណាស់ដោយមួយបំពង់អាចមានតម្លៃរហូតដល់ ៦ ០០០ រូពី (៨០ ដុល្លារអាមេរិក) ចំណែកឯឧបករណ៍សម្រាប់ស្រូបយកខ្យល់អ៊ុកស៊ីសែនវិញធ្លាប់តែមានតម្លៃពី ៣៣០-៩៣០ ដុល្លារអាមេរិក ពេលនេះបានឡើងដល់ ២ ៦០០ ដុល្លារអាមេរិកឯណោះ។ ចំពោះអ្នកស្លាប់ហើយក៏ពិបាកយកទៅធ្វើបុណ្យដែរដែរ ដោយពិបាកទាំងការដឹកជញ្ជូននិងពិបាករកកន្លែងបូជាឬបញ្ចុះទៀតផង។ គួរបញ្ជាក់ថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅឥណ្ឌាបានឡើងដល់ជាង ៣០ ម៉ឺនករណីក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយអ្នកស្លាប់ប្រចាំថ្ងៃក៏មានរាប់ពាន់នាក់ផងដែរ៕




អត្ថបទ៖ ភក្តី
ប្រភព៖