ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រី្តជាអ្នកជំងឺកូវីដ ១៩ នៅឥណ្ឌាម្នាក់បានបាត់បង់ជីវិតក្រោយប៉ូលិសហាមឃាត់មិនឲ្យកូនគាត់យកខ្យល់អ៊ុកស៊ីនសែនចូលទៅក្នុងមន្ទីរពេទ្យ

    BY Pheakdey May 1, 2021
    ស្រី្តជាអ្នកជំងឺកូវីដ ១៩ នៅឥណ្ឌាម្នាក់បានបាត់បង់ជីវិតក្រោយប៉ូលិសហាមឃាត់មិនឲ្យកូនគាត់យកខ្យល់អ៊ុកស៊ីនសែនចូលទៅក្នុងមន្ទីរពេទ្យ

    ឥណ្ឌា៖ ស្ត្រីជាអ្នកជំងឺកូវីដ ១៩ ជនជាតិឥណ្ឌាម្នាក់បានស្លាប់បាត់បង់ជីវិតនៅ ២ ម៉ោងបន្ទាប់ពីក្រុមប៉ូលិសបានហាមឃាត់មិនឲ្យកូនរបស់គាត់យកខ្យល់អ៊ុកស៊ីសែនទៅឲ្យគាត់នៅក្នុងមន្ទីរពេទ្យ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Agra រដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ដែលជាទីកន្លែងកំពុងមានការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំង​ ហើយនៅតាមមន្ទីរពេទ្យជាច្រើនកំពុងតែខ្វះខាតខ្យល់អ៊ុកស៊ីសែន ខណៈពលរដ្ឋជាច្រើនបាននាំគ្នាទៅទិញខ្យល់អ៊ុកស៊ីសែនពីទីផ្សារងងឹតដោយខ្លួនឯងដើម្បីយកទៅជួយសង្គ្រោះសាច់ញាតិដែលជាអ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់។ ចំពោះករណីស្រ្តីជនរងគ្រោះខាងលើនេះក៏ដូចគ្នានេះដែរដោយរូបគាត់កំពុងមានស្ថានភាពធ្ងន់ធ្ងរខ្លាំងនិងត្រូវការខ្យល់អ៊ុកស៊ីសែនជាបន្ទាន់ ខណៈនៅក្នុងមន្ទីរពេទ្យគ្មានខ្យល់អ៊ុកស៊ីសែនទៀតនោះទេ។

    នៅចំពោះមុខស្ថានភាពនេះកូនប្រុសរបស់គាត់ក៏បានទៅទិញខ្យល់អ៊ុកស៊ីសែនពីខាងក្រៅដោយខ្លួនឯង តែពេលកូនប្រុសរូបនេះព្យាយាមយកខ្យល់អ៊ុកស៊ីសែនចូលទៅក្នុងមន្ទីរពេទ្យវិញ ត្រូវបានប៉ូលិសហាមឃាត់ និងរឹបអូសយកបំពង់អ៊ុកស៊ីនសែននោះទៅទុកទៀតផង។ តាមរយៈវីដេអូ គេបានឃើញកូនប្រុសរូបនោះលុតជង្គង់សូមអង្វរប៉ូលិសទៀតផងនិងបាននិយាយថា ម្តាយខ្ញុំនឹងស្លាប់បើគាត់គ្មានអ៊ុកស៊ីសែនេះ តែយ៉ាងណាក្តីប៉ូលិសនៅតែមិនព្រមដដែល។ ក្រោយផ្ទុះហេតុការណ៍នេះខាងប៉ូលិសឥណ្ឌាបាននិយាយថាខាងប៉ូលិសគិតថា កូនប្រុសរបស់ស្រ្តីរងគ្រោះខាងលើនេះជាអ្នកជួញដូរខ្យល់អ៊ុកស៊ីសែនទើបហាមឃាត់គាត់ ហើយការរឹបអូសយកខ្យល់អ៊ុកស៊ីសែនទៅទុកនេះគឺអាជ្ញាធរទុកសម្រាប់យកទៅជួយអ្នកធ្ងន់ធ្ងរនៅពេលក្រោយតែប៉ុណ្ណោះ។ យ៉ាងណាក្តី មហាជនបានរិះគន់សកម្មភាពរបស់ប៉ូលិសនោះជាខ្លាំងព្រោះតែការសម្រេចចិត្តដោយមិនបានគិតល្អិតល្អន់របស់គាត់តែមួយភ្លែតបានធ្វើឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្តាយជាទីបំផុត៕

     

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: