ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បម្លែងខ្លួនមកពីឥណ្ឌាក្នុងប្រទេសខ្លួនជាលើកដំបូង

    BY Pheakdey May 3, 2021
    ម៉ាឡេស៊ីរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ បម្លែងខ្លួនមកពីឥណ្ឌាក្នុងប្រទេសខ្លួនជាលើកដំបូង

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ ទី២ ខែឧសភា ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ បម្លែងខ្លួនមកពីប្រទេសឥណ្ឌានៅលើទឹកដីខ្លួនជាលើកដំបូងហើយ ដែលការរកឃើញនេះត្រូវបានកើតឡើងក្រោយពេលម៉ាឡេស៊ីសម្រេចបិទជើងហោះហើរមកពីឥណ្ឌាបាន ២-៣ ថ្ងៃប៉ុណ្ណោះ។ បើយោងតាមលោក Adham Baba ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ ១៩ ដែលជាមេរោគបម្លែងខ្លួនមកពីឥណ្ឌានេះត្រូវបានរកឃើញនៅឯព្រលានយន្តហោះអន្តរជាតិក្រុងកូឡាឡាំពួរ តែរដ្ឋមន្ត្រីរូបនេះមិនបានបង្ហាញពីអត្តសញ្ញាណអ្នកជំងឺកូវីដ ១៩ នោះលម្អិតឡើយ។

    បើទោះជាមានការរកឃើញដូចនេះក៏ដោយ តែអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានប្រកាសមិនឲ្យពលរដ្ឋខ្លួនមានការព្រួយបារម្ភពីករណីនេះឡើយ ព្រោះថាពេលនេះអាជ្ញាធរអាចគ្រប់គ្រងករណីឆ្លងនេះបាន ហើយវានឹងមិនចម្លងបន្តចូលទៅក្នុងសហគមន៍នោះទេ។ គួររម្លឹមថា មេរោគបម្លែងខ្លួនមកពីឥណ្ឌាមានឈ្មោះថា B.1.617 អាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បានលឿននិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគជំងឺកូវីដ ១៩ ធម្មតា។ សូមបញ្ជាក់ផងដែរថា​ គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបជាង ៤០ ម៉ឺននាក់ និងស្លាប់ជាង ១ ៥០០ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: