ក្តៅៗ! ថ្ងៃនេះថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២ ០៤១នាក់ និងបាត់បង់ជីវិត ៣១នាក់ដែលជាចំនួនមរណភាពដ៏ច្រើនបំផុតមិនធ្លាប់មាន
ថៃ៖ យោងតាមការចុះផ្សាយជាបន្ទាន់មួយតាមរយៈ Page Facebook ផ្លូវការរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា នៅក្នុងថ្ងៃ ចន្ទ ទី ៣ ខែ ឧសភានេះ ប្រទេសថៃបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺតួលេខអ្នកស្លាប់មានរហូតដល់ ៣១ នាក់ បើគិតត្រឹមម៉ោង ៩ ព្រឹកនេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិលបាលថៃក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ០៤១ នាក់ផងដែរ។

គួររម្លឹកថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសថៃបានហក់ឡើងដល់ខ្ទង់ជាង ២ ពាន់នាក់ជាច្រើនថ្ងៃមកហើយ ដែលតាមរយៈតួលេខដ៏ច្រើនេះបានធ្វើឲ្យនៅតាមបណ្តាមន្ទីរពេទ្យនៅក្នុងប្រទេសថៃត្រូវប្រឈមនឹងបញ្ហាខ្វះខាតគ្រែពេទ្យសម្រាប់ឲ្យអ្នកជំងឺសម្រាកផងដែរ។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ប្រមាណជា ៧ ម៉ឺននាក់ និងស្លាប់ចំនួន ២៤៥ នាក់។

អត្ថបទ៖ ភក្តី
ប្រភព៖ The Nation Thailand