ក្រុងវ៉ូហានជាកន្លែងផ្ទុះកូវីដដំបូងបំផុត បានរៀបចំការប្រគុំតន្ត្រីមានមនុស្សរាប់ម៉ឺននាក់ចូលរួម មិនរក្សាគម្លាត និងមិនពាក់ម៉ាស លែងខ្វល់រឿងកូវីដ ខណៈប្រទេសជាច្រើនកំពុងរកវិបត្តិកូវីដ១៩ ធ្ងន់ធ្ងរ (មានវីដេអូ)
ក្រុងវ៉ូហាន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ទីក្រុងវ៉ូហាន ប្រទេសចិន ដែលជាកន្លែងកំណើតនៃមេរោគកូវីដ ១៩ នោះបានរៀបចំការប្រគុំតន្រ្តីចុងសប្តាហ៍ដ៏ធំមួយរយៈ ២ថ្ងៃ និងមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ដោយក្រុងមួយនេះលែងមានការព្រួយបារម្ភពីការចម្លងជំងឺកូវីដ ១៩ ទៀតហើយ។ ប្រភពខាងលើបានបញ្ជាក់ថា ការប្រគុំតន្រ្តីនេះមានឈ្មោះថា The Wuhan Strawberry Music Festival បានរៀបចំឡើងកាលពីថ្ងៃសោរ៍និងអាទិត្យចុងសប្តាហ៍កន្លងទៅនេះនៅឯឧទ្យាន Garden Expo ហើយតាមអ្នករៀបចំកម្មពិធីបានបញ្ជាក់ថា ចំនួនចូលរួមទស្សនាអាចមានដល់ខ្ទង់ ១១ ០០០ នាក់ក្នុងមួយថ្ងៃ។ គួរម្លឹកថា ការប្រគុំតន្ត្រីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនិងទើបតែខកខានមិនបានរៀបចំជាសាធារណៈកាលពីឆ្នាំកន្លងទៅនេះ ព្រោះពេលនោះទីក្រុងវ៉ូហានត្រូវបិទខ្ទប់ព្រោះតែការរាតត្បាតនៃជំងឺកូវីដ ១៩ ។

គួរចាប់អារម្មណ៍ថា ប្រទេសចិនហាក់លែងបារម្ភនឹងការចម្លងមេរោគកូវីដ ១៩ ទៀតហើយ ជាក់ស្តែងពលរដ្ឋចិនដែលបានទៅចូលរួមទស្សនាការប្រគុំតន្ត្រីខាងលើយ៉ាងកកកុញនោះត្រូវបានគេមើលឃើញថា ភាគច្រើនមិនបានពាក់ម៉ាស់នោះទេ។ ជាងនេះទៅទៀត នៅក្នុងខែឧសភានេះចិនក៏គ្រោងនឹងរៀបចំពិធីប្រគុំតន្ត្រីខ្នាតធំប្រចាំឆ្នាំរយៈពេល ៥ ថ្ងៃនៅទីក្រុងប៉េកាំង និងនៅតាមបណ្តាក្រុងសំខាន់ៗជាច្រើនផ្សេងទៀតជាបន្តបន្ទាប់គ្នាផងដែរ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ គិតមកទល់នឹងពេលនេះចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបានប្រមាណជា ១១,៦ លាននាក់ ហើយចិនមានចំនួនអ្នកឆ្លងថ្មីតិចតួចបំផុត ដោយកាលពីថ្ងៃម្សិលមិញនេះចិនបានរកអ្នកជំងឺកូវីដ ១៩ ដែលជាករណីនាំចូលពីក្រៅប្រទេសត្រឹមតែ ១១ ករណីប៉ុណ្ណោះ។ សូមបញ្ជាក់ជូនផងដែរថា ស្របពេលដែលចិនកំពុងរៀបចំពិធីប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយនោះ គឺមានប្រទេសជាច្រើនកំពុងជួបវិបត្តិនៃជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ ជាក់ស្តែងដូចជានៅប្រទេសឥណ្ឌាជាដើម៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger