ស្រ្តីម្នាក់ផ្ញើអាហារលាយថ្នាំពុលទៅឲ្យអតីតសង្សារ តែអ្នកត្រូវបាត់បង់ជីវិតបែរជាធ្លាក់ចំកូនប្រុសអ្នកដឹកម្ហូប ដែលមិនដឹងអីទៅវិញ (មានវីដេអូ)
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានស្រ្តីម្នាក់បានដាក់ថ្នាំពុលក្នុងអាហារផ្ញើទៅឲ្យអតីតមិត្តប្រុសញ៉ាំដើម្បីបំពុលសម្លាប់គាត់ តែជាអកុសលអ្នកដែលត្រូវពុលស្លាប់នោះបែរជាធ្លាក់ចំកូនប្រុសអ្នកដឹកជញ្ជូនម្ហូបអាហារដែលមិនដឹងអីទៅវិញ។ ហេតុការណ៍បំពុលសម្លាប់មនុស្សនេះបានកើតឡើងនៅក្នុងក្រុង Yogyakarta ខេត្តចាវ៉ាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៥ មេសាកន្លងមកទៅនេះ តែប្រតិបត្តិការចាប់ខ្លួនស្រ្តីជាជនបង្កហេតុដែលមានអាយុ ២៥ឆ្នាំ ទើបត្រូវបានធ្វើឡើងដោយជោគជ័យកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងថ្ងៃកើតហេតុនោះស្រ្តីជាជនបង្កហេតុបានទិញសាច់គោអាំងនិងបានដាក់ថ្នាំពុលរួចជាសម្រេច ក្នុងគោលបំណងសម្លាប់អតីតសង្សារដែលទើបនឹងរៀបការជាមួយស្ត្រីម្នាក់ផ្សេងទៀត។

រូបតំណាង
ពេលផ្ញើអាហារនោះស្រ្តីជាជនបង្កហេតុមិនបានប្រើប្រាស់ App ឬធ្វើការផ្ញើតាម Online ដែលមានការបញ្ជាក់ឈ្មោះនិងអាសយដ្ឋានពិតប្រាកដរបស់គាត់នោះទេ ពោលគឺគាត់បានយកទៅអាហារពុលនោះទៅប្រគល់ជូនអ្នកដឹកជញ្ជូនដោយផ្ទាល់ ដោយគ្រាន់តែប្រាប់ឈ្មោះនិងអាយសដ្ឋានរបស់អ្នកទទួលប៉ុណ្ណោះ ហើយគាត់បានអះអាងប្រាប់អ្នកដឹកជញ្ជូនថា គាត់មិនចេះផ្ញើតាម Online នោះទេ។ យ៉ាងណាក្តី ពេលអ្នកដឹកជញ្ជូនយកអាហារទៅដល់ផ្ទះអ្នកទទួលនោះគឺស្រ្តីជាប្រពន្ធរបស់បុរសដែលគេប៉ងសម្លាប់បានចេញមកទទួល ហើយដោយគាត់មិនបានស្គាល់ច្បាស់ថាអ្នកណាជាអ្នកផ្ញើអាហារមកនោះ គាត់មិនព្រមទទួលយកអាហារនោះទេនិងសម្រេចឲ្យវាទៅអ្នកដឹកជញ្ជូនតែម្តង។
ក្រោយទទួលបានអាហារនោះរួចបុរសជាអ្នកដឹកជញ្ជូនក៏បានយកទៅឲ្យកូនប្រុសអាយុ ៨ ឆ្នាំរបស់គាត់ញ៉ាំ ហើយបន្ទាប់ពីញ៉ាំសាច់គោអាំងរួចក្មេងប្រុសអភ័ព្ធនោះក៏បានពុលស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ ក្រោយកើតមានហេតុការណ៍នេះបុរសជាអ្នកដឹកជញ្ជូនបានរាយការណ៍ជូនអាជ្ញាធរ ហើយក្រោយមកទើបប៉ូលិសអាចបំបែករឿងក្តីមួយនេះនិងឈានទៅចាប់ខ្លួនស្រ្តីជាជនបង្កហេតុបានកាលពីពេលថ្មីៗនេះ៕



ក្មេងប្រុសរងគ្រោះ
អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz