ថៃគ្រោងអនុម័តថវិកាចំនួន ២២៥ ពាន់លានបាតដើម្បីជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយវិបត្តិជំងឺកូវីដ ១៩
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងបញ្ចេញថវិកាចំនួន ២២៥ ពាន់លានបាត (ជាង ៧,២ ពាន់លានដុល្លារអាមេរិក) បន្ថែមទៀត ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយវិបត្តិនៃជំងឺកូវីដ ១៩ តាមរយៈការបង្កើតគម្រោងជួយចេញប្រាក់ពេលពលរដ្ឋទៅទិញឥវ៉ាន់ពីក្រុមអាជីវកដែលខកខានធ្វើសកម្មភាពអាជីវកម្មនិងផ្តល់ជាប្រាក់សុទ្ធមួយចំនួនទៅកាន់ពលរដ្ឋដែលបានបាត់បង់ការងារនាពេលកន្លងមក។ ប្រភពខាងលើបានបញ្ជាក់ថា តាមរយៈគម្រោងខាងលើនេះ គឺរដ្ឋាភិបានថៃនឹងផ្តល់ប័ណ្ណបញ្ចុះតម្លៃទៅកាន់ក្រុមពលរដ្ឋដែលមានចំណូលមធ្យមនិងខ្ពស់ប្រមាណជា ៤ លាននាក់ ដើម្បីលើកទឹកចិត្តឲ្យពួកគេមកទិញអាហារ សម្ភារៈប្រើប្រាស់ ឬសេវាកម្មពីក្រុមអាជីវកមួយចំនួនដែលបានចុះឈ្មោះនិងទទួលស្គាល់ជាមួយដៃគូរបស់រដ្ឋាភិបាលក្នុងការអនុវត្តគម្រោងមួយនេះ។

ប័ណ្ណបញ្ចុះតម្លៃនោះនឹងមានទំហំជាទឹកប្រាក់សរុបចំនួន ៧ ០០០ បាត (២២៥ ដុល្លារអាមេរិក) ហើយអ្នកដែលទទួលបានប័ណ្ឌនេះនឹងរីករាយក្នុងការទិញឥវ៉ាន់ជាច្រើនមុខដោយមានការបញ្ជុះតម្លៃរហូតដល់ ៥០% ហើយចំនួនទឹប្រាក់បញ្ចុះតម្លៃពាក់កណ្តាលនោះគឺរដ្ឋាភិបាលជាអ្នកចេញលុយជំនួសទៅឲ្យក្រុមអាជីវកដោយផ្ទាល់តែម្តង។ ក្រុមអ្នកទិញទំនិញក៏អាចទិញឥវ៉ាន់ច្រើនតាមតម្រូវការរបស់ពួកគេបានផងដែរ តែបន្ទាប់ពីប្រើប្រាស់ទឹកប្រាក់ក្នុងប័ណ្ណបញ្ចុះតម្លៃនេះរួចគឺពួកគេនឹងត្រូវទិញក្នុងតម្លៃពេញ ១០០% វិញម្តង។ គួរបញ្ជាក់ថា គម្រោងផ្តល់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រីថៃនៅសប្តាហ៍ក្រោយនេះ ហើយការអនុវត្តគម្រោងនឹងត្រូវធ្វើឡើងចាប់ពីខែ សីហាដល់ខែតុលាខាងមុខនេះ សម្រាប់ទាំងអ្នកដែលត្រូវទទួលបានប័ណ្ណបញ្ចុះតម្លៃនិងសម្រាប់អ្នកដែលត្រូវបើកលុយសុទ្ធពីរដ្ឋាភិបាល៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍