អ្នកជំងឺកូវីដក៏ច្រើន ហើយបរិក្ខាពេទ្យក៏ខ្វះ វេជ្ជបណ្ឌិតឥណ្ឌាបង្ខំចិត្តជួយព្យាបាលតែអ្នកជំងឺណាមានសង្ឃឹមរស់ ឯអ្នកឈឺធ្ងន់ទុកឲ្យទៅតាមដំណើរ
ឥណ្ឌា៖ ការជួយសង្គ្រោះជីវិតរាល់គ្រប់អ្នកជំងឺទាំងអស់ដោយមិនមានការរើសអើងគឺជាក្រមសីលធម៌វិជ្ជាជីវៈមួយសម្រាប់ក្រុមវេជ្ជបណ្ឌិតឬបុគ្គលិកសុខាភិបាលគ្រប់កម្រិតនៅក្នុងវិស័យវេជ្ជសាស្ត្រ។ យ៉ាងណាក្តី នៅក្នុងស្ថានភាពបន្ទាន់ និងខ្វះខាតសម្ភារៈបរិក្ខាពេទ្យនោះ ខាងក្រុមគ្រូពេទ្យក៏អាចធ្វើការសម្រេចចិត្តជួយសង្គ្រោះជីវិតអ្នកជំងឺណាឬមិនជួយសង្គ្រោះអ្នកជំងឺណាម្នាក់ផងដែរ ដើម្បីរក្សាទុកសម្ភារៈបរិក្ខាពេទ្យដ៏តិចតួចនោះសម្រាប់ប្រើប្រាស់ឲ្យមានប្រយោជន៍បំផុតសម្រាប់សង្គមជាតិ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ស្ថានភាពដូចបានជម្រាបជូនខាងលើនេះ កំពុងតែកើតមាននៅក្នុងមន្ទីរពេទ្យមួយចំនួនក្នុងប្រទេសឥណ្ឌាហើយ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងប្រទេសឥណ្ឌាបានកើនឡើងយ៉ាងគំហុគក្នុងកម្រិតមួយដែលគេលែងអាចគ្រប់គ្រងបាន។

លោកវេជ្ជបណ្ឌិត Rohan Aggarwal
ប្រភពខាងលើបានលើកយកករណីលោកវេជ្ជបណ្ឌិតឥណ្ឌាម្នាក់ឈ្មោះ Rohan Aggarwal អាយុ ២៦ ឆ្នាំ បម្រើការងារនៅក្នុងមន្ទីរពេទ្យ New Delhi មកចុះផ្សាយថា តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មក វេជ្ជបណ្ឌិតរូបនេះត្រូវធ្វើការងារស្ទើរតែពេញ ២៤ ម៉ោងក្នុងមួយថ្ងៃ ដោយយប់ខ្លះគាត់ត្រូវដើរពិនិត្យមើលស្ថានភាពអ្នកជំងឺនិងធ្វើការសម្រេចចិត្តថា អ្នកណាត្រូវនៅរស់ និងអ្នកណាត្រូវស្លាប់។ សម្រាប់អ្នកដែលត្រូវនៅរស់គឺជាអ្នកជំងឺដែលគេពិនិត្យឃើញថា មានភាគរយខ្ពស់ក្នុងការព្យាបាលនិងសង្គ្រោះជីវិត ហើយអ្នកដែលត្រូវទុកឲ្យស្លាប់វិញគឺជាអ្នកជំងឺកម្រិតធ្ងន់ដែលគេយល់ច្បាស់ថា បើទោះជាគេខំជួយសង្គ្រោះគាត់យ៉ាងណាក៏ដោយក៏លទ្ធភាពនៃការរក្សាជីវិតរបស់ពួកគាត់មានកម្រិតទាបបំផុតដែរ។
គួរបញ្ជាក់ថា ឥណ្ឌាមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រមាណជា ៣០ ម៉ឺននាក់និងស្លាប់រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ខណៈនៅតាមមន្ទីរពេទ្យត្រូវប្រឈមនឹងបញ្ហាខ្វះគ្រែពេទ្យ និងជាពិសេសនោះគឺខ្វះខាតយ៉ាងខ្លាំងនូវខ្យល់អ៊ុកស៊ីសែនសម្រាប់សង្គ្រោះជីវិតអ្នកជំងឺបន្ទាន់តែម្តង។ សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ២១ លាននាក់ និងស្លាប់ជាង ២៣ ម៉ឺននាក់៕


លោកវេជ្ជបណ្ឌិត Rohan Aggarwal
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia