ម៉ាឡេស៊ីនឹងប្រើយន្តហោះពិសេសទៅដឹកពលរដ្ឋខ្លួនពីឥណ្ឌា ក្រោយការរាតត្បាតកូវីដ ១៩ នៅឥណ្ឌាតែធ្ងន់ធ្ងរឡើង
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹថា រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីនឹងបើកបេសកម្មពិសេសមួយដើម្បីនាំយកប្រជាពលរដ្ឋខ្លួនដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌាត្រលប់មកកាន់ទឹកដីម៉ាឡេស៊ីវិញ ក្រោយស្ថានភាពរាតត្បាតជំងឺកូវីដ១៩ នៅឥណ្ឌាកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Hishammuddin Hussein រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងបេសកម្មនេះម៉ាឡេស៊ីនឹងប្រើប្រាស់យន្តហោះពិសេសជាច្រើនដើម្បីទៅនាំយកពលរដ្ឋខ្លួនពីក្នុងទីក្រុង New Delhi និង Mumbai ប្រទេសឥណ្ឌា ខណៈមកទល់នឹពេលនេះក្រុមការងារពិសេសរបស់ម៉ាឡេស៊ីបានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើសកម្មភាពហើយ តែនៅរង់ចាំការអនុញ្ញាតពីអាជ្ញាធរឥណ្ឌាតែប៉ុណ្ណោះ។

រដ្ឋមន្រ្តីរូបនេះបានអំំពាវឲ្យពលរដ្ឋម៉ាឡេស៊ីទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌាត្រូវរៀបចំខ្លួនឲ្យបានរួចរាល់និងទៅចុះឈ្មោះនៅឧត្តមស្នងការម៉ាឡេស៊ីប្រចាំប្រទេសឥណ្ឌានៅល្ងាចថ្ងៃសុក្រនេះឲ្យបានគ្រប់ៗគ្នា និងបន្ទាប់មកត្រូវរង់ចាំស្តាប់សេចក្តីជូនដំណឹងចុងក្រោយស្តីពីកាលបរិច្ឆេទជាក់លាក់អំពីការចេញដំណើរ។
ពលរដ្ឋម៉ាឡេស៊ីទាំងអស់នេះក៏ត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ទាំងមុនពេលចេញដំណើរនិងក្រោយពេលមកដល់ប្រទេសម៉ាឡេស៊ីផងដែរ ហើយជាងនេះទៅទៀតពួកគេនឹងត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃផងដែរក្រោយពេលមកដល់ម៉ាឡេស៊ី។ គួររម្លឹកថា ស្ថានភាពរីករាលដាលជំងឺកូវីដ ១៩ នៅឥណ្ឌាបានឈានដល់កម្រិតអាក្រក់បំផុតមួយកាលម្សិលមិញនេះ ដោយគ្រាន់តែក្នុងមួយថ្ងៃម្សិលមិញនេះឥណ្ឌាបារកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន ៤១២ ២៦២ នាក់ និងស្លាប់ចំនួន ៣ ៩៨០ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia