ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរឥណ្ឌាចាប់ខ្លួនបុរស៣នាក់ ក្រោយយកបំពង់ហ្គាសពន្លត់អគ្គិភ័យមកលាបពណ៌បន្លំលក់ជាខ្យល់អ៊ុកស៊ីសែន

    BY Pheakdey May 7, 2021
    អាជ្ញាធរឥណ្ឌាចាប់ខ្លួនបុរស៣នាក់ ក្រោយយកបំពង់ហ្គាសពន្លត់អគ្គិភ័យមកលាបពណ៌បន្លំលក់ជាខ្យល់អ៊ុកស៊ីសែន

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានចាប់ខ្លួនមនុស្ស ៣នាក់ពាក់ព័ន្ធនឹងករណីលក់ខ្យល់អ៊ុកស៊ីសែនក្លែងក្លាយ ខណៈអ្នកជំងឺកូវីដ ១៩ រាប់លាននាក់នៅក្នុងប្រទេសឥណ្ឌាកំពុងត្រូវការខ្យល់អ៊ុកស៊ីសែនជាចាំបាច់ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ។ អាជ្ញាធរទីក្រុង Delhi ប្រទេសឥណ្ឌាបានបញ្ជាក់ថា ជនខិលខូចទាំង ៣ នាក់នោះបានយកបំពង់ហ្គាសសម្រាប់ពន្លត់អគ្គិភ័យមកលាបពណ៌ខ្មៅនៅពីខាងក្រៅ ហើយបន្លំដាក់លក់ជាខ្យល់អ៊ុកស៊ីសែនក្នុងតម្លៃយ៉ាងខ្ពស់ទៀតផង។

    បុរសឥណ្ឌាម្នាក់ដែលបានទិញខ្យល់អ៊ុកស៊ីសែនពីក្រុមជនខិលខូចបានប្រាប់ប៉ូលិសថា ដំបូងឡើយគាត់បានទិញខ្យល់អ៊ុកស៊ីសែនមួយបំពង់ក្នុងតម្លៃ ៥​ ៥០០ រ៉ូពី (៧៥ ដុល្លារអាមេរិក) សម្រាប់អ៊ុកស៊ីសែនចំណុះ ៤,៥​ លីត្រ ពីកន្លែងមួយនៅតំបន់ Alipur។ ហើយក្រោយមកពេលគាត់ចង់ទិញខ្យល់អ៊ុកស៊ីសែនបន្ថែមទៀតគឺតម្លៃរបស់វាបានឡើងដល់ ១៣ ០០០ រ៉ូពី (១៧៧ ដុល្លារអាមេរិក) ក្នុងចំណុះ ៤,៥ ដដែល ហើយអ្វីដែលសំខាន់នោះវាគឺជាខ្យល់អ៊ុកស៊ីសែនក្លែងក្លាយទៅទៀត។

    ក្រោយមានប្រជាពលរដ្ឋរាយការណ៍ អាធ្ញាធរនៅតំបន់ Alipur ក៏បានចុះធ្វើការស្រាវជ្រាវ ហើយឃើញបុរស៣នាក់នោះកំពុងតែលាបថ្នាំលើបំពង់ពន្លត់អគ្គិភ័យ រួចក៏ធ្វើការឃាត់ខ្លួនតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ India Today

    Share This Post: