អាជ្ញាធរឥណ្ឌាធ្វើអន្តរាគមន៍កំណត់តម្លៃសេវាកម្មរថយន្តសង្គ្រោះបន្ទាន់ ក្រោយពលរដ្ឋនាំគ្នារិះគន់ពីការឡើងថ្លៃហួសហេតុចំពោះសេវានេះ
ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Today បានឲ្យដឹងថា អាជ្ញាធរក្រុង Delhi ប្រទេសឥណ្ឌា ដែលជាទីកន្លែងកំពុងផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងនោះបានចេញមកធ្វើអន្តរាគមន៍កំណត់តម្លៃសេវាកម្មប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់គ្រប់ប្រភេទ ដើម្បីលុបបំបាត់ចោលនូវបញ្ហាគិតថ្លៃជ្រុលហួសហេតុពីសំណាក់ម្ចាស់រថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យ ឬក្រុមហ៊ុនឯកជនផ្សេងៗដែលមានការផ្តល់ជូនសេវាកម្មរថយន្តសង្គ្រោះបន្ទាន់នេះ។ ការចេញមកធ្វើអន្តរាគមន៍នេះគឺបានកើតឡើងក្រោយមានពលរដ្ឋឥណ្ឌាដែលជាសាច់ញាតិអ្នកជំងឺកូវីដ ១៩ ជាច្រើននាក់បាននាំគ្នារិះគន់ជាសាធារណៈអំពីបញ្ហាឡើងថ្លៃហួសហេតុនូវសេវាកម្មរថយន្តសង្គ្រោះបន្ទាន់ ពោលគឺម្ចាស់សេវាកម្មចេះតែទារថ្លៃតាមចិត្តនឹកឃើញពីក្រុមជនរងគ្រោះដែលត្រូវការសេវាកម្មនេះជាបន្ទាន់។

តាមបទបញ្ជាថ្មីរបស់អាជ្ញាធរក្រុង Delhi បានកំណត់ថា សេវាកម្មរថយន្តសង្គ្រោះបន្ទាន់សម្រាប់ប្តូរជនរងគ្រោះពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយគឺត្រូវគិតថ្លៃ ១ ៥០០ រ៉ូពី (២០ ដុល្លារអាមេរិក) សម្រាប់ ១០ គីឡូម៉ែត្រដំបូង ហើយលើសពីនេះត្រូវគិតថ្លៃ ១០០ រ៉ូពី (១,៣៦ ដុល្លារអាមេរិក) ក្នុងមួយគីឡូម៉ែត្រ។ សម្រាប់សេវាកម្មសង្គ្រោះជីវិតជនរងគ្រោះបន្ទាន់ត្រូវគិតថ្លៃ ២ ០០០ រ៉ូពី (២៧ ដុល្លារអាមេរិក) សម្រាប់ ១០ គីឡូម៉ែត្រដំបូង ហើយលើសពីនេះត្រូវគិតថ្លៃបន្ថែម ១០០ រ៉ូពី (១,៣៦ ដុល្លារអាមេរិក) ក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកសម្រាប់សេវាកម្មសង្គ្រោះជីវិតជនរងគ្រោះកម្រិតខ្ពស់វិញត្រូវបានអនុញ្ញាតឲ្យគិតថ្លៃរហូតដល់ ៤០ ០០០ រ៉ូពី (៥៤ ដុល្លារអាមេរិក) សម្រាប់ ១០ គីឡូម៉ែត្រដំបូង ហើយលើសពីនេះត្រូវគិតថ្លៃបន្ថែម ១០០ រ៉ូពី (១,៣៦ ដុល្លារអាមេរិក) ក្នុងមួយគីឡូម៉ែត្រដូចគ្នា។ ទន្ទឹមគ្នានេះម្ចាស់អាជីកម្មផ្តល់សេវាកម្មរថយន្តសង្គ្រោះបន្ទាន់ទាំងអស់ត្រូវមានភ្ជាប់នូវបរិក្ខាពេទ្យគ្រប់គ្រាន់នៅលើរថយន្តរួមទាំងខ្យល់អ៊ុកស៊ីសែនផងដែរ ហើយជនណាឬក្រុមហ៊ុនណាដែលហ៊ានប្រព្រឹត្តិផ្ទុយពីសេចក្តីណែនាំនេះនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ដែលមានទាំងការជាប់គុក ពិន័យជាប្រាក់ ដកប័ណ្ណបើកបរ និងលុបចោលអាជ្ញាប័ណ្ណសម្រាប់ធ្វើអាជីវកម្មទៀតផង៕

អត្ថបទ៖ភក្តី
ប្រភព៖ India Today