អាជ្ញាធរម៉ាឡេស៊ីបង្រ្កាបក្លឹបរាត្រីមួយកន្លែងបើកបំពានបំរាមកូវីដ ១៩ ហើយធ្វើការរឹបអូសស្រានិង ផាកពិន័យគិតជាប្រាក់សរុបជាង ២០ ម៉ឺនដុល្លារ
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីជាប្រទេសមួយដែលត្រូវបានគេមើលឃើញថា មានការអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ដោយប្រទេសនេះបានសម្រេចធ្វើការផាកពិន័យអ្នកដែលល្មើសនឹងវិធានការក្នុងទំហំទឹកប្រាក់យ៉ាងច្រើនឬអាចជាប់គុកយ៉ាងយូរទៀតផង បើទោះជាកំហុសនោះមិនសូវធំដុំក៏ដោយ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានរាយការណ៍ថា កាលពីថ្មីៗនេះអាជ្ញាធរម៉ាឡេស៊ីបានចុះទៅបង្រ្កាបទីតាំងក្លឹបរាត្រីមួយកន្លែងនៅក្នុងទីក្រុងកូឡាឡាំពួរ ហើយបានធ្វើការរឹបអូសស្រានិងធ្វើការផាកពិន័យដែលមានទំហំជាទឹកប្រាក់សរុបរហូតដល់ ៨៧០ ០០០ រីងហ្គីត (២១១ ៥៥០ ដុល្លារអាមេរិក)។

បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងពេលចុះទៅបង្ក្រាបទីតាំងក្លឹបរាត្រីនោះអាជ្ញាធរបានឃាត់ខ្លួនមនុស្សស្រីប្រុសសរុបចំនួន ៩០ នាក់ ហើយប្រាក់ផាកពិន័យពីក្រុមមនុស្សទាំងនេះគឺមានចំនួនសរុប ៤៧០ ០០០ រីងហ្គីត (១១៤ ២៨៥ ដុល្លារអាមេរិក) ។ ទន្ទឹមគ្នានោះអាជ្ញាធរក៏បានសម្រេចរឹបអូសយកស្រាចំនួន ៥០០ ដប ដែលតម្លៃសរុបប្រមាណជា ៤០០ ០០០ រីងហ្គីត (៩៧ ២៦៥ ដុល្លារអាមេរិក) ផងដែរ។ គួរបញ្ជាក់ថា ក្លឹបរាត្រីខាងលើនេះបានលួចបើកដំណើរការដោយអនុញ្ញាតឲ្យមានមនុស្សជួបជុំគ្នាយ៉ាងច្រើននិងមិនបានរក្សាគំលាតសង្គម ដែលកត្តានេះគឺជាហេតុផលចម្បងមួយបណ្តាលឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងផងដែរ៕




អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz