អន្តរជាតិ

ប្រទេសឡាវរកឃើញអ្នកទទួលមរណភាពដោយជំងឺកូវីដ ១៩ ជាលើកដំបូង

BY
Pheakdey
May 10, 2021

ឡាវ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា​ កាលពីថ្ងៃអាទិត្យ ទី ៩ ខែ ឧសភា ម្សិលមិញនេះ ប្រទេសឡាវបានរកឃើញករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ជាលើកដំបូងហើយរាប់ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ ១៩ ជាសកលមក។ ប្រភពខាងបានបន្តថា​ អ្នកជំងឺកូវីដ ១៩ ដែលបានស្លាប់ជាលើកដំបូងនៅក្នុងប្រទេសឡាវនោះគឺជាស្ត្រីវៀតណាម អាយុ ៥៣ ឆ្នាំមានការងារជាអ្នកបម្រើការងារនៅក្នុងខារ៉ាអូខេក្នុងប្រទេសវៀតណាម និងទើបចូលទៅក្នុងប្រទេសឡាវកាលពីថ្មីៗនេះ ហើយរូបគាត់ក៏ជាមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រចាំខ្លួនផងដែរ។

គួររម្លឹកថា ឡាវត្រូវបានគេកត់សម្គាល់ថាជាប្រទេសមួយដែលពុំសូវមានករណីរាតត្បាតជំងឺកូវីដ ១៩ នោះទេ ដោយគិតត្រឹមដើមខែ មេសា ឆ្នាំ ២០២១ នេះ ឡាវទើបរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ត្រឹមតែ ៤៩ នាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី ក្នុងរយៈពេលជិត ១ ខែចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅប្រទេសឡាវបានកើនឡើងយ៉ាងគំហុក ពោលគឺបានឡើងដល់ ១ ៣០២ នាក់ បើគិតមកទល់នឹងពេលនេះ។ ក្រុមអ្នកជំនាញក៏បានបង្ហាញនូវក្តីបារម្ភថា ប្រទេសឡាវក៏អាចប្រឈមនឹងការរាត្បាតជំងឺកូវីដ ១៩ ធ្ងន់ធ្ងរផងដែរ ប្រសិនបើអាជ្ញាធរឡាវមិនចាត់វិធានការឲ្យបានទាន់ពេលវេលានោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: