អន្តរជាតិ

ពលរដ្ឋឥណ្ឌានាំគ្នាយកលាមក និងទឹកនោមសត្វគោមកងូត និងលាបលើរាងកាយ ព្រោះជឿថាអាចការពារជំងឺកូវីដ១៩ តែវេជ្ជបណ្ឌិតឥណ្ឌាព្រមានដាច់ខាតកុំឲ្យធ្វើបែបនេះ

BY
Pheakdey
May 11, 2021

ឥណ្ឌា៖ វេជ្ជបណ្ឌិតជាច្រើននៅក្នុងប្រទេសឥណ្ឌាបាននាំគ្នាធ្វើការព្រមានជាថ្មីម្តងទៀតថា ការយកលាមកនិងទឹកនោមសត្វគោមកលាបលើរាងកាយគឺគ្មានប្រសិទ្ធភាពការពារជំងឺកូវីដ ១៩ បាននោះទេ។ សេចក្តីព្រមានជាថ្មីនេះត្រូវ​បានធ្វើឡើងក្នុងអំឡុងពេលដែលប្រទេសឥណ្ឌាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងនៅទូទាំងប្រទេសរហូតធ្វើឲ្យតាមមន្ទីរពេទ្យត្រូវខ្វះខាតគ្រែ ខ្យល់អ៊ុកស៊ីសែន និងថ្នាំពេទ្យចំនួនផងដែរ ហើយនៅចំពោះមុខស្ថានភាពនេះពលរដ្ឋមួយចំនួនបាននាំគ្នាយកទឹកនោមនិងលាមកសត្វគោមកងូតឬលាបពេលរាងកាយព្រោះតែពួកគេយល់ឃើញថា វិធីនេះអាចជួយបង្កើតប្រព័ន្ធការពាររាងកាយដើម្បីប្រឆាំងទៅនឹងមេរោគជំងឺកូវីដ ១៩ បាន។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times បានឲ្យដឹងថា សកម្មភាពនេះបានកើតមាននៅក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា និងជាទីកន្លែងដែលពលរដ្ឋឥណ្ឌាមានជំនឿទៅលើសាសនាហិណ្ឌូយ៉ាងខ្លាំងផងដែរ។ តាមជំនឿរបស់ក្រុមពលរដ្ឋទាំងនេះគឺពួកគាត់បានចាត់ទុកសត្វគោគឺជាគ្រឿងសក្ការៈបូជាដ៏ស័ក្កសិទ្ធ ដែលអាចជួយនាំសំណាងជាច្រើនចូលមកក្នុងជីវិតរបស់ពួកគាត់។ ប្រភពខាងលើបានបន្តថា ក្រុមពលរដ្ឋឥណ្ឌាទាំងនេះបាននាំគ្នាទៅងូតទឹកនោមនិងលាមកសត្វគោជាប្រចាំរៀងរាល់មួយសប្តាហ៍ម្តង ហើយបើទោះជាពេលកន្លងមកមានវេជ្ជបណ្ឌិតជាច្រើនធ្លាប់បានបញ្ជាក់ថា វិធីនេះគ្មានប្រសិទ្ធភាពការពារជំងឺកូវីដ ១៩នោះទេក៏ពួកគាត់មិនព្រមស្តាប់តាមដែរ ពោលគឺពួកគាត់នៅតែបន្តធ្វើតាមជំនឿរបស់ពួកគាត់ដដែល៕

អត្ថបទ៖ ភក្តី

ប្រភព៖ Straits Times

Share This Post: