អូស្រ្តាលីសម្រេចបិទច្រកព្រំដែនអន្តរជាតិរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ គឺពលរដ្ឋអូស្ត្រាលីមិនអាចធ្វើដំណើរចេញក្រៅប្រទេសបានឡើយ
អូស្រ្តាលី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីបានសម្រេចបន្តបិទច្រកព្រំដែនអន្តរជាតិរបស់ខ្លួនរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ។ សេចក្តីសម្រេចនេះត្រូវគេប្រទះឃើញមាននៅក្នុងរបាយការណ៍គម្រោងថវិកាសហព័ន្ធប្រចាំឆ្នាំរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានដាក់បង្ហាញជាសាធារណៈកាលពីថ្ងៃអង្គារ ទី ១១ ឧសភា ម្សិលមិញនេះ។ តាមរយៈវិធានការនេះមានន័យថា ពលរដ្ឋអូស្រ្តាលីនឹងមិនអាចធ្វើដំណើរទៅបរទេសបាននោះទេរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២។

គួររម្លឹកថា អូស្រ្តាលីបានដាក់ចេញវិធាការបិទច្រកព្រំដែនមិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរទៅក្រៅប្រទេសចាប់តាំងពីខែ មីនា ឆ្នាំ ២០២០ ម្ល៉េះ ដោយនាពេលកន្លងមកអាជ្ញាធរអូស្រា្តលីធ្លាប់បានកំណត់ថានឹងបើកច្រកព្រំដែនវិញនៅត្រឹមខែ តុលា ឆ្នាំ ២០២១ នេះ។ ប៉ុន្តែដោយផ្អែកលើស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ ជាសកលនៅពេលនេះ អាជ្ញាធរអូស្រា្តលីក៏បន្តបិទច្រកព្រំដែនប្រទេសរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ តែម្តង។ យ៉ាងណាក្តី នៅក្នុងអំឡុងពេលអនុវត្តវិធានការខាងលើនេះ អាជ្ញាធរអូស្រ្តាលីកអាចនឹងអនុញ្ញាតឲ្យពលរដ្ឋអូស្រ្តាលី ពលរដ្ឋមានសិទ្ធស្នាក់នៅក្នុងប្រទេសអូស្រ្តាលីអច្រិន្តៃយ៍ ឬអ្នកកាន់ទិដ្ឋាការពិសេសណាមួយអាចចូលមកប្រទេសខ្លួនបានដែរ តែការធ្វើដំណើររបស់ក្រុមពលរដ្ឋទាំងនោះគឹត្រូវស្ថិតក្រោយការគ្រប់គ្រងយ៉ាងល្អិតល្អន់ពីសំណាក់អាជ្ញាធរអូស្រ្តាលីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail