ថ្ងៃនេះ ថៃរកឃើញអ្នកមរណភាពដោយកូវីដ ១៩ចំនួន ៣២នាក់ និងឆ្លងថ្មី ៤,៨៨៧នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន
ថៃ៖ យោងតាម Page Facebook ផ្លូវការរបស់សារព័ត៌មាន The National Thailand បានរាយការណ៍ថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១៣ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,៨៨៧នាក់ ដែលជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់ប្រទេសថៃនាពេលកន្លងមក។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៣២ នាក់បន្ថែមទៀងផងដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកទោសប្រមាណជាជិត ៣,០០០ នាក់ផងដែរ ដោយក្នុងនោះមានអ្នកទោសនៅក្នុងពន្ធនាគារក្រុងបាងកកចំនួន ១ ៧៩៥ នាក់ និងអ្នកទោសនៅក្នុងមណ្ឌលកែប្រែខ្លួនសម្រាប់មនុស្សចំនួន ១,០៤០ នាក់។ គិតជាសរុបរួមមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៣ ៧៩៤នាក់ និងស្លាប់ចំនួន ៥១៨នាក់ផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ The National Thailand