អង្គការសុខភាពពិភពលោកព្រមានថា ក្នុងឆ្នាំនេះការរាតត្បាតជំងឺកូវីដ ១៩នឹងមានលក្ខណៈកាចសាហាវជាងឆ្នាំមុនទៅទៀត
នាយកអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បានព្រមានជាសាធារណៈថា ក្នុងឆ្នាំ ២០២១ ដែលជាឆ្នាំទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩ នេះគឺការរាតត្បាតជំងឺកូវីដ ១៩ នឹងមានលក្ខណៈកាចសាហាវនិងធ្ងន់ធ្ងរជាងឆ្នាំទី ១ ទៅទៀត។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី ១៤ ឧសភា ម្សិលមិញនេះ ក្រោយស្ថានភាពរីករាលដាលនៃជំងឺកូវីដ ១៩ ជាសកលហាក់កាន់តែអាក្រក់ឡើងក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ នាយកអង្គការសុខភាពពិភពលោករូបនេះក៏បានលើកយកស្ថានភាពនៅជប៉ុនមកនិយាយជាឧទាហរណ៍សម្រាប់គាំទ្រការព្យាករណ៍របស់គាត់ផងដែរ ដោយថ្មីៗនេះប្រទេសជប៉ុនត្រូវសម្រេចបិទខ្ទប់តំបន់សំខាន់ៗចំនួន ៣ ជាបន្ទាន់ដូចជា ក្រុង Hiroshima, ក្រុង Okayama និងតំបន់ភាគខាងជើងខេត្ត Hokkaido ដែលសុទ្ធតែជាកន្លែងត្រូវរត់ម៉ារ៉ាតុងសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដែលជប៉ុននឹងរៀបចំឡើងនៅក្នុងទីក្រុងតូក្យូនាពេលដ៏ឆាប់ខាងមុខនេះ។

នៅចំពោះស្ថានភាពបែបនេះក្រុមអ្នកធ្វើយុទ្ធនាការបើកព្រឹត្តិការណ៍កីឡាអូឡាពិកប្រមាណជា ៣៥០ ០០០នាក់បានចុះហត្ថលេខាឲ្យរដ្ឋាភិបាលជប៉ុនត្រូវលុបព្រឹត្តិការណ៍កីឡានេះចោលជាបន្ទាន់ បើមិនចង់មានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ។ ក្រៅតែពីជប៉ុន បណ្តាលប្រទេសផ្សេងទៀតនៅលើពិភពលោកដូចជាប្រទេសឥណ្ឌាជាដើមក៏កំពុងតែជួបស្ថានភាពអាក្រក់ខ្លាំងណាស់ដែរ ព្រោះឥណ្ឌាមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ខណៈដែលសាកសពអ្នកជំងឺកូវីដ ១៩ មួយចំនួនត្រូវពលរដ្ឋឥណ្ឌាយកទៅបោះចោលក្នុងទឹកទន្លេទៀតផង ព្រោះតែគ្មានអុសសម្រាប់បូជា។ គិតជាសរុបរួមមកទល់នឹងពេលនេះពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួនជាង ១៦២ លាននាក់ និងស្លាប់ជាង ៣លាននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Bangkok Post