អ្នកជំនាញព្រមានថា អ្នកឆ្លងកូវីដ១៩ នៅម៉ាឡេស៊ីអាចនឹងកើនដល់ ៨,០០០ នាក់ ក្នុងមួយថ្ងៃនៅក្នុងខែមិថុនាខាងមុខនេះ
ក្រុមអ្នកជំនាញព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ីអាចនឹងកើនដល់ចំនួន ៨,០០០ នាក់នៅក្នុងមួយថ្ងៃនៅក្នុងខែមិថុនាខាងមុខនេះ ប្រសិនបើសាធារណៈជនខកខានឬមិនគោរពតាមវិធានការអនាម័យឲ្យបានត្រឹមត្រូវនោះទេ។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងក្រោយពីគេបានមើលឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងជាបន្តបន្ទាប់ និងបានកើនឡើងជិតដល់ចំនួនដែលគេធ្លាប់បានព្យាករណ៍ទុកនាពេលមកហើយ។

កាលពីប៉ុន្មានសប្តាហ៍មុនគេបានព្យាករណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅម៉ាឡេស៊ីអាចនឹងកើនដល់ខ្ទង់ ៥,០០០ នាក់ក្នុងមួយថ្ងៃ ហើយជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះគឺម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤,១១៣ នាក់ ហើយជាច្រើនថ្ងៃមកនេះក៏ម៉ាឡេស៊ីមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ខ្ទង់ ប្រហែលនេះផងដែរ។ ផ្អែកលើល្បឿននៃការរាតត្បាតជំងឺកូវីដ ១៩ នៅពេលនេះនិងផ្អែកលើស្ថានភាពរបស់ពលរដ្ឋម៉ាឡេស៊ី ក្រុមអ្នកជំនាញបានព្រមានជាថ្មីថា នៅក្នុងអំឡុងខែមិថុនាខាងមុខនេះចំនួនអ្នកឆ្លងកូវីដ ១៩ អាចកើនដល់ ៨,០០០នាក់ឯណោះក្នុងមួយថ្ងៃ។ សូមបញ្ជាក់ថា ម៉ាឡេស៊ីកំពុងជួបប្រទះនូវការរាតត្បាតជំងឺកូវីដ ១៩ ដែលជារលកទី ៣ ក្នុងលក្ខណៈធ្ងន់ធ្ងរមួយ ហើយគិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៦២,១៩០ នាក់ និងស្លាប់ចំនួន ១,៨២២ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia