អាជ្ញាធរឥណ្ឌាប្រើធម៌ក្តៅលើពលរដ្ឋដែលបំពានបំរាមគោចរ និងហាមមិនឲ្យពលរដ្ឋយកអ្នកបាត់បង់ជីវិត ដោយសារកូវីដទៅបោះចោលក្នុងទឹកទន្លេគង្គា
ឥណ្ឌា៖ ពលរដ្ឋឥណ្ឌាជាច្រើននាក់ត្រូវបានគេប្រទះឃើញត្រូវប៉ូលិសយកដំបងវាយយ៉ាងចាស់ដៃ ព្រោះតែពួកគេបានបំពាននឹងបំរាមគោចររបស់អាជ្ញាធរក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Assam ភាគខាងជើងនៃប្រទេសឥណ្ឌា ជាទីកន្លែងដែលមានរាតត្បាតជំងឺកូវីដ ១៩ខ្លាំង ខណៈក្រុមពលរដ្ឋហាក់មិនសូវចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ។ កំហុសរបស់ក្រុមពលរដ្ឋទាំងនោះគឺពួកគេនាំគ្នាចេញក្រៅផ្ទះនិងធ្វើដំណើរតាមដងផ្លូវសាធារណៈដោយគ្មានអនុញ្ញាតពីអាជ្ញាធរ ពោលគឺពួកគេគ្មានការចាំបាច់សំខាន់ត្រូវចេញក្រៅនោះទេ តែពួកគេនៅតែព្យាយាមចេញពីផ្ទះដោយមិនខ្លាចឆ្លងជំងឺកូវីដ ១៩ ទាល់តែសោះ។

ប្រភពខាងបានបន្តថា ស្របពេលដែលអាជ្ញាធរឥណ្ឌាបានសម្រេចអនុវត្តវិធានការយ៉ាងតឹងរឹងដែលរួមមានទាំងការវាយដោយហឹង្សាចំពោះក្រុមពលរដ្ឋដូចនេះ អាជ្ញាធរក៏បានធ្វើការហាមឃាត់មិនឲ្យពលរដ្ឋយកសាកសពអ្នកជំងឺកូវីដ ១៩ ទៅបោះចោលនៅក្នុងទន្លេគង្គាទៀតផងដែរ ក្រោយអាជ្ញាធរបានសង្កេតឃើញថា នៅក្នុងទន្លេមានសាកសពអណ្តែតទឹកយ៉ាងច្រើន ខណៈនៅតាមច្រាំងទន្លេវិញមានសាកសពជាច្រើនត្រូវគេប្រទះឃើញកប់នៅក្នុងគំនរខ្សាច់រាក់ៗប៉ុណ្ណោះ។ សូមបញ្ជាក់ថា ឥណ្ឌាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង ដោយគិតជាមធ្យមក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះឥណ្ឌាមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងខ្ទង់ ៣០-៤0 ម៉ឺននាក់និងស្លាប់ប្រមាណជា ៤ ពាន់នាក់ក្នុងមួយថ្ងៃ ខណៈនៅតាមមន្ទីរពេទ្យកំពុងខ្វះគ្រែគេង បរិក្ខាពេទ្យ និងខ្យល់អ៊ុកស៊ីសែនយ៉ាងខ្លាំង៕




អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail