ពលរដ្ឋឥណ្ឌាមួយចំនួនចោទប្រកាន់ថា មកពីរដ្ឋាភិបាលធ្វើតេស្តសាកល្បងសេវា 5G បង្កើតឲ្យមានវិទ្យុសកម្ម ទើបធ្វើឲ្យពួកគេមានប្រព័ន្ធរាងកាយខ្សោយងាយឆ្លងកូវីដ តែរដ្ឋាភិបាលឥណ្ឌាចេញមុខបដិសេធ
ឥណ្ឌា៖ កាលពីពេលថ្មីៗនេះមានដំណឹងក្រៅផ្លូវការជាច្រើនត្រូវបានគេយកទៅផ្សព្វផ្សាយពេញបណ្តាញសង្គមក្នុងប្រទេសឥណ្ឌាដោយបានអះអាងថា ការរាតត្បាតជំងឺកូវីដ ១៩ ដែលជារលកទី ២ នៅក្នុងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះគឺកើតឡើងបណ្តាលមកពីរដ្ឋាភិបាលឥណ្ឌាកំពុងធ្វើតេស្តសាកល្បងអ៊ីនធឺណិតល្បឿន 5G។ ប្រភពក្រៅផ្លូវការនេះបានលើកឡើងថា នៅពេលរដ្ឋាភិបាលឥណ្ឌាចាប់ផ្តើមដំឡើងដងអង់តែនទូរស័ព្ទធំៗជាច្រើនសម្រាប់ធ្វើតេស្តសាកល្បងអ៊ីនធឺណិតល្បឿន 5G នោះគឺវាបានបង្កើតឲ្យមានជាតិវិទ្យុសកម្មយ៉ាងច្រើននៅក្នុងបរិយកាស ហើយជាតិវិទ្យុសកម្មនោះបានធ្វើប្រព័ន្ធការពាររាងកាយពលរដ្ឋឥណ្ឌាចុះខ្សោយនិងងាយឆ្លងជំងឺកូវីដ ១៩តែម្តង។

ឆ្លើយតបនឹងដំណឹងចចាមអារ៉ាមនេះ នាយកដ្ឋានទូរគមនាគមន៍នៃក្រសួងទំនាក់ទំនងរបស់ឥណ្ឌាបានចេញមកបដិសេធយ៉ាងដាច់ខាត ដោយបានលើកយកហេតុផលជាច្រើនមកពន្យល់ថា រដ្ឋាភិបាលឥណ្ឌាទើបតែបានអនុម័តលើការសាកល្បងអ៊ីនធឺណិតល្បឿន 5G កាលពីថ្ងៃទី ៥ ខែ ឧសភានេះទេ ពោលគឺកាលបរិច្ឆេទមានរយៈពេល ២-៣ខែ ក្រោយកើតមានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌា។
មួយវិញទៀតជាតិវិទ្យុសកម្មចេញពីអង់តែនទូរស័ព្ទសម្រាប់ផ្តល់អ៊ីនធឺណិតល្បឿន 5Gនោះ ក៏មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងររហូតធ្វើឲ្យមនុស្សមួយប្រទេសត្រូវចុះខ្សោយដូចនេះដែរ ព្រោះគេបានសិក្សាអំពីផល់ប៉ះពាល់របស់វារួចអស់ហើយមុននឹងសម្រេចដាក់ឲ្យប្រើប្រាស់។ ហេតុដូចនេះហើយរដ្ឋាភិបាលឥណ្ឌាសូមធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើតេស្តសាកល្បង អ៊ីនធឺណិតល្បឿន 5G មិនជាប់ពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ក្នុងប្រទេសឥណ្ឌាទាល់តែសោះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz, Pib