ឥណ្ឌូនេស៊ីកំពុងត្រៀមប្រយុទ្ធប្រឆាំងជាមួយនឹងការរាតត្បាតជំងឺកូវីដ ១៩ទ្រង់ទ្រាយធំមួយក្រោយពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាធ្វើរឿងមួយនេះ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងតែត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំមួយ ក្រោយពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់បាននាំគ្នាធ្វើដំណើរត្រលប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅក្នុងពិធីបុណ្យ Idul Fitri ដែលជាពិធិបុណ្យដ៏ធំមួយសម្រាប់អ្នកកាន់សាសនាឥស្លាម កាលពីថ្ងៃទី ១២ និង ១៣ ខែ ឧសភា កន្លងទៅនេះ។ បើតាមលោក Budi Gunadi Sadikin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃពិធីបុណ្យខាងលើនេះចរន្តនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋបានកើតមានស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស ហើយក្នុងនោះក៏មានពលរដ្ឋខ្លះបានធ្វើដំណើរចេញពីតំបន់ដែលមានករណីផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ ផងដែរ។

រដ្ឋមន្ត្រីរូបនេះបានបន្តថា បើទោះជាមុនពេលធ្វើដំណើរពលរដ្ឋទាំងអស់សុទ្ធតែមានសុខភាពល្អក៏ពិតមែន តែក្នុងអំឡុងពេលធ្វើដំណើរនិងពេលជួបជុំគ្រួសារគឺហានិភ័យនៃការចម្លងជំងឺកូវីដ ១៩ មានខ្ពស់ខ្លាំងណាស់។ តាមការព្យាករណ៍របស់ក្រុមអ្នកជំនាញបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅឥណ្ឌូនេស៊ីអាចនឹងកើនឡើងក្នុងចន្លោះពី ៣០-៩០% ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយខាងអាជ្ញាធរសុខាភិបាលក៏បានត្រៀមខ្លួនសម្រាប់ប្រយុទ្ធប្រឆាំងជាមួយបញ្ហាដែលនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះរួចហើយដែរ។ គួររម្លឹកថា កាលពីថ្ងៃម្សិលមិញនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤,២៩៥នាក់និងស្លាប់ ២១២នាក់ ខណៈគិតជាសរុបរួមចំនួនអ្នកឆ្លងកូវីដ ១៩ នៅឥណ្ឌូនេស៊ីមានរហូតដល់ជាង ១,៧ លាននាក់ និងស្លាប់ប្រមាណជា ៤៨,០០០ នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia