ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឲ្យគោរពណាស់! បុរសជប៉ុនម្នាក់បរិច្ចាគប្រាក់ជួយសង្គមជាង ៥៥ ម៉ឺនដុល្លារ ដោយមិនបានប្រាប់សូម្បីតែឈ្មោះរបស់គាត់

    BY Pheakdey May 19, 2021
    គួរឲ្យគោរពណាស់! បុរសជប៉ុនម្នាក់បរិច្ចាគប្រាក់ជួយសង្គមជាង ៥៥ ម៉ឺនដុល្លារ ដោយមិនបានប្រាប់សូម្បីតែឈ្មោះរបស់គាត់

    ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់បានយកប្រាក់ចំនួន ៦០ លានយេន (៥៥០ ៨៥០ ដុល្លារអាមេរិក) ទៅបរិច្ចាគដើម្បីជួយដោះស្រាយបញ្ហាសង្គមដែលកំពុងរងការគំរាមគំហែងដោយវិបត្តិនៃជំងឺកូវីដ ១៩ ហើយអ្វីដែលជារឿងគួរឲ្យគត់សម្គាល់នោះគឺបុរសចិត្តធម៌រូបនេះមិនបានថតរូបអំពីសកម្មភាពបរិច្ចាគប្រាក់របស់គាត់នោះទេ ហើយសូម្បីតែឈ្មោះរបស់គាត់ក៏គាត់មិនប្រាប់ឲ្យគេដឹងផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា បុរសជប៉ុនរូបនេះអាយុខ្ទង់ចន្លោះពី ៧០ឆ្នាំទៅ៨០ឆ្នាំ ហើយនៅក្នុងថ្ងៃបរិច្ចាគប្រាក់នោះគឺរូបគាត់បានដើរចូលទៅក្នុងវិមានសាលាក្រុង Yokosuka តែម្នាក់ឯង និងបានប្រគល់លិខិតដែលមានតម្លៃជាទឹកប្រាក់ ៦០ លានយេនទៅកាន់អភិបាលក្រុងដោយផ្ទាល់តែម្តង។

    សប្បុរសជនអាថ៌កំបាំងរូបនេះបាននិយាយត្រឹមថា លុយនេះគឺជាលុយដែលគាត់បានសន្សំពេញមួយជីវិតរបស់គាត់ ពោលគឺតាំងពីគាត់រៀនថ្នាក់ទី ១ មកម្លេះ ហើយពេលនេះគាត់បានយកវាបរិច្ចាគព្រោះគាត់គិតថាលុយនេះអាចចូលរួមជួយដោះស្រាយបញ្ហាសង្គមបានមួយផ្នែក ខណៈប្រទេសជប៉ុនទាំងមូលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្ងនធ្ងរដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ ១៩។  ក្រុមមន្ត្រីនៅសាលាក្រុង Yokosuka បាននិយាយថា នេះជាលើកដំបូងហើយដែលមានអ្នកមកបរិច្ចាគប្រាក់យ៉ាងច្រើនដូចនេះហើយមិនប្រាប់សូម្បីតែឈ្មោះរបស់គាត់។ សកម្មភាពរបស់សប្បុរសជនរូបនេះក៏ត្រូវបានពលរដ្ឋជប៉ុនកោតសរសើរយ៉ាងខ្លាំងផងដែរ ព្រោះវាគឺជាការជួយចេញពីទឹកចិត្តពិតប្រាកដ ដោយមិនផ្សារភ្ជាប់ជាមួយ នឹងការចង់បានមុខមាត់ ការចាប់អារម្មណ៍ពីសាធារណៈជន ឬចង់បានពាក្យសរសើរពីអ្នកណាម្នាក់នោះទេ៕

    វិមានសាលាក្រុង Yokosuka ក្នុងប្រទេសជប៉ុន

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: