អគារ៧៩ជាន់មួយនៅចិនបានញ័រ និងយោលដោយគ្មានមូលហេតុធ្វើឲ្យមនុស្សជាច្រើនសម្រុករត់ចេញទាំងព្រលឹងចុងសក់ (មានវីដេអូ)
ចិន៖ ភាពចលាចលមួយបានកើតឡើងនៅចំកណ្តាលទីក្រុង Shenzhen ភាគខាងត្បូងនៃប្រទេសចិន កាលពីរសៀលថ្ងៃទី ១៨ ឧសភា ម្សិលមិញនេះ បន្ទាប់ពីមានអគារពាណិជ្ជកម្មក៏ខ្ពស់មួយបានផ្តើមមានភាពញ័រនិងយោលដោយគ្មានមូលហេតុ ខណៈពេលនោះបញ្ហារញ្ជួយដីក៏មិនបានកើតមានផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា អគារមួយនេះមានឈ្មោះថា SEG Plaza មានកម្ពស់ជិត ៣០០ ម៉ែត្រ និងមាន ៧៩ ជាន់ ហើយអគារបានផ្តើមញ័រនិងយោលនៅម៉ោង ១ រសៀល ខណៈក្នុងអគារនោះកំពុងមានមនុស្សយ៉ាងច្រើនដើរទិញឥវ៉ាន់។ អគារ SEG Plaza ដែលបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០០០ ត្រូវបានគេស្គាល់ថា ជាកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំប្រចាំនៅទីក្រុង ហើយនៅក្នុងអគារនោះក៏មានការិយាល័យរបស់ក្រុមហ៊ុនធំៗមួយចំនួនផងដែរ។

ក្រោយកើតមានហេតុការណ៍ដ៏កម្រងនេះ ពលរដ្ឋជាច្រើនបានប្រញាប់រត់ចេញពីអគារ ហើយនៅម៉ោងប្រមាណជា ២ និង ៣០ នាទីរសៀលក្នុងថ្ងៃកើតហេតុនោះ អាជ្ញាធរចិនបានសម្រេចបិទអគារជាបណ្តោះអាសន្នតែម្តង ខណៈរហូតមកទល់នឹងពេលនេះគ្មានរបាយការណ៍មួយបង្ហាញថា មានអ្នករងគ្រោះថ្នាក់ពីហេតុការណ៍នេះទេ។ លោក Lu Jianxin ដែលជាប្រធានផ្នែកវិស្វករម្នាក់បានបញ្ចេញមតិផ្ទាល់ខ្លួនថា បញ្ហាអាចកើតឡើងដោយសារតែភាពធន់នឹងលំយោលធម្មជាតិរបស់អគារបានប៉ះជាមួយនឹងកម្លាំងខាងក្រៅដ៏ខ្លាំងមួយ តែបញ្ហានេះកម្រនឹងកើតមានខ្លាំងណាស់។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះក្រុមអ្នកជំនាញចិនជាច្រើននាក់កំពុងបើកការសិក្សាអំពីបញ្ហានេះយ៉ាងស៊ីជម្រៅដើម្បីស្វែងរកឲ្យឃើញមូលហេតុពិតប្រាកដដែលបង្កឲ្យមានបញ្ហាចម្លែកនេះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail