ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងពិចារណាដោះលែងអ្នកទោសមួយចំនួនដើម្បីបញ្ច្រៀសភាពកកកុញដែលជាមូលហេតុបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ ក្នុងចំណោមអ្នកទោស

    BY Pheakdey May 20, 2021
    ថៃកំពុងពិចារណាដោះលែងអ្នកទោសមួយចំនួនដើម្បីបញ្ច្រៀសភាពកកកុញដែលជាមូលហេតុបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ ក្នុងចំណោមអ្នកទោស

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ ​បានរាយការណ៍ថា អាជ្ញាធរថៃកំពុងពិចារណាអំពីការដោះលែងឬបន្ថយទោសចំពោះអ្នកទោសមួយចំនួន ដើម្បីបញ្ចៀសភាពកកកុញហ្វូងមនុស្សនៅក្នុងមន្ទីរឃុំឃាំងដែលជាមូលហេតុចម្បងបង្កឲ្យការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងចំណោមអ្នកទោស។ លោក Aryut Sinthopphan ដែលជាប្រធាននាយកដ្ឋានកែប្រែខ្លួនបានឲ្យដឹងថា ពេលនេះអាជ្ញាធរថៃកំពុងតែធ្វើវិសោធនកម្មលើច្បាប់មួយចំនួនដែលអាចនាំឲ្យមានការដោះលែងឬបន្ថយរយៈពេលនៃការជាប់ឃុំឃាំងរបស់អ្នកទោស ហើយអ្នកទោសដែលនឹងត្រូវទទួលបានការលើកលែងពិសេសនេះគឺជាក្រុមអ្នកទោសចាស់ៗឬក្រុមអ្នកទោសដែលមានសុខភាពចុះខ្សោយ ព្រោះអ្នកទោសប្រភេទនេះងាយនឹងស្លាប់បាត់បង់ជីវិតណាស់ប្រសិនបើពួកគេបានឆ្លងជំងឺកូវីដ ១៩។

    លោក Aryut Sinthopphan បានបន្តថា គិតមកទល់នឹងពេលនេះជំងឺកូវីដ ១៩ បានរាតត្បាតនៅក្នុងមន្ទីរឃុំឃាំងធំៗនៅក្នុងប្រទេសថៃចំនួន ១១ កន្លែងរួចហើយ ខណៈអ្នកទោសសរុបដែលបានឆ្លងជំងឺកូវីដ ១៩ មានចំនួនសរុប ១២,៧៦៧ នាក់។ អ្នកទោសដែលបានឆ្លងជំងឺកូវីដ ១៩ ត្រូវបានគេរកឃើញជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ១២ ខែ ឧសភា មក ហើយម្សិលមិញនេះតួលេខអ្នកទោសដែលវិជ្ជមានកូវីដ ១៩ មានរហូតដល់ទៅ ១,១១៧ នាក់ឯណោះ។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១៦,៩៤៩ នាក់ និងស្លាប់់សរុបចំនួន ៦៧៨ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: