ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូពេទ្យជំនាញនិងអ្នកថែទាំអ្នកជំងឺចំនួន ៧នាក់ កំពុងត្រូវបានស៊ើបអង្កេតពីបទឃាតកម្មជុំវិញករណីស្លាប់របស់លោក Maradona

    BY Pheakdey May 21, 2021
    គ្រូពេទ្យជំនាញនិងអ្នកថែទាំអ្នកជំងឺចំនួន ៧នាក់ កំពុងត្រូវបានស៊ើបអង្កេតពីបទឃាតកម្មជុំវិញករណីស្លាប់របស់លោក Maradona

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញនិងអ្នកថែទាំអ្នកជំងឺសរុបចំនួន ៧នាក់ កំពុងត្រូវបានស៊ើបអង្កេតពីបទឃាតកម្មជុំវិញករណីស្លាប់របស់អតីតកំពូលកីឡាបាល់ទាត់ Maradona។ មនុស្សទាំង ៧ នាក់នោះរួមមានលោកវេជ្ជបណ្ឌិត Leopoldo Luque ដែលជាគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធសរសៃប្រសាទ លោកវេជ្ជបណ្ឌិត Agustina Cosachov គ្រូពេទ្យឯកទេសផ្នែកវិកលចរិក លោកវេជ្ជបណ្ឌិត Carlos Diaz គ្រូពេទ្យឯកទេសផ្នែកចិត្តវិទ្យា និងក្រុមអ្នកថែទាំអ្នកជំងឺចំនួន ៤ នាក់ផ្សេងទៀត ដែលសុទ្ធតែជាមនុស្សមានការទាក់ទងយ៉ាងជិតស្និតជាមួយលោក Maradona មុនពេលដែលគាត់ស្លាប់ដោយជំងឺគាំងបេះដូងកាលពីឆ្នាំកន្លងទៅ។

    តាមការសង្ស័យរបស់ក្រុមអ្នកជំនាញគឺមនុស្សទាំង ៧ នាក់នេះមិនបានផ្តល់ការមើលថែលោក Maradona ឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈការងារនោះទេ ពោលគឺខ្ជីខ្ជានឹងការងាររហូតបណ្តោយឲ្យលោក Maradona ត្រូវគាំងបេះដូងស្លាប់តែម្នាក់ឯង ក្រោយពេលដែលគាត់បានវះកាត់កំណកឈាមនៅក្នុងខួរក្បាលបានមួយសប្តាហ៍។ ស្ថិតក្នុងកំណាក់កាលស៊ើបអង្កេតក្រុមមនុស្សទាំង ៧ នាក់នេះនឹងមិនត្រូវអនុញ្ញាតឲ្យធ្វើដំណើរចេញក្រៅប្រទេសឡើយ ហើយពួកគេនឹងត្រូវចូលខ្លួនមកឆ្លើយបំភ្លឺនៅមុខចៅក្រមស៊ើបសួរនៅក្នុងចន្លោះថ្ងៃទី ៣១ ឧសភា និង ថ្ងៃទី ១៤ ខែ មិថុនាខាងមុខនេះ។ ប្រសិនបើគេរកឃើញថា ក្រុមគ្រូពេទ្យជំនាញនិងអ្នកថែទាំអ្នកជំងឺទាំងនេះពិតជាមានការពាក់ព័ន្ធនឹងការស្លាប់របស់លោក Maradona មែនគឺពួកគេអាចប្រឈមនឹងជាប់គុកពី ៨ ទៅ ២៥ឆ្នាំ។ គួរបញ្ជាក់ថា នៅក្នុងពិភពបាល់ទាត់លោក Maradon ត្រូវបានគេចាត់ទុកថា ជាកីឡាករល្អកម្រិតកំពូលមួយរូបនិងជានិមិត្តរូបដ៏អស្ចារ្យសម្រាប់ក្រុមកីឡាករបាល់ទាត់ជំនាន់ក្រោយ ហើយសម្រាប់ប្រទេសអាហ្សង់ទីនវិញរូបគាត់គឺជាវីរៈបុរសដែលមានតម្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់អាហ្សង់ទីនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: