ការសិក្សាមួយបានបង្ហាញថា តួលេខអ្នកបាត់បង់ជីវិតដោយកូវីដ ១៩ ពិតប្រាកដនៅឥណ្ឌាអាចមានចំនួនច្រើនជាងរាប់សិបដងនៃចំនួនដែលអាជ្ញាធរប្រកាស
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា តួលេខពិតប្រាកដនៃអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាអាចមានចំនួនច្រើនជាងតួលេខដែលអាជ្ញាធរបានប្រកាសជាច្រើនដង ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរឥណ្ឌាបានរាយការណ៍ថា មានករណីស្លាប់សរុបត្រឹមតែជាង ៣០ ម៉ឺននាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី បើយោងតាមការសិក្សារបស់ក្រុមអ្នកជំនាញនៃបណ្តាញសារព័ត៌មាន New York Times បានបង្ហាញថា តួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅឥណ្ឌាជាក់ស្តែងអាចមានក្នុង ៣ ករណី ដោយករណីទី ១ ដែលជាករណីស្រាលបំផុតគឺយ៉ាងហោចណាស់ក៏ឥណ្ឌាមានអ្នកស្លាប់ប្រមាណជា ៦០ ម៉ឺននាក់ដែរ ពោលគឺច្រើនជាងតួលេខដែលអាជ្ញាធរបានប្រកាស ២ ដង។

ចំពោះករណីទី ២ ដែលជាករណីមធ្យមគឺឥណ្ឌាអាចមានអ្នកស្លាប់សរុបប្រមាណជា ១,៦ លាននាក់នៅទូទាំងប្រទេស។ ដោយឡែកចំពោះករណីទី ៣ ដែលជាករណីអាក្រក់បំផុតវីញគឺឥណ្ឌាអាចមានចំនួនអ្នកស្លាប់រហូតដល់ ៤,២លាននាក់ឯណោះ។ គួរបញ្ជាក់ថា ការសិក្សានេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើចំនួនពលរដ្ឋសរុបនៅឥណ្ឌា ល្បឿនការចម្លងមេរោគ វិលាសភាពនៃគ្រោះថ្នាក់របស់មេរោគ និងស្ថានភាពជាក់ស្តែងដែលឥណ្ឌាកំពុងជួបប្រទះជាច្រើនករណីបន្ថែមទៀត។ ជារួមក្រុមអ្នកជំនាញបានអះអាងថា តួលេខអ្នកស្លាប់ជាក់ស្តែងនៅឥណ្ឌាគឺមានច្រើនជាងរបាយការណ៍របស់អាជ្ញារ ហើយយោងតាមស្ថានភាពបច្ចុប្បន្ននេះគឺចំនួនអ្នកស្លាប់នៅឥណ្ឌាអាចស្ថិតនៅក្នុងករណីទី ៣ ដែលជាកម្រិតអាក្រក់បំផុតតែម្តង៕



អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail