ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោះស្រាយតាមបែបវិទ្យាសាស្ត្រមិនអស់ចិត្ត ពលរដ្ឋឥណ្ឌានាំគ្នារត់ទៅបន់ស្រន់ទេពធីតា ដើម្បីឲ្យជួយទប់ស្កាត់កូវីដ

    BY Pheakdey May 28, 2021
    ដោះស្រាយតាមបែបវិទ្យាសាស្ត្រមិនអស់ចិត្ត ពលរដ្ឋឥណ្ឌានាំគ្នារត់ទៅបន់ស្រន់ទេពធីតា ដើម្បីឲ្យជួយទប់ស្កាត់កូវីដ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Aljazeera បានឲ្យដឹងថា មានពលរដ្ឋឥណ្ឌាជាច្រើនដែលកំពុងរស់នៅក្នុងទីក្រុង Coimbatore រដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌាបាននាំគ្នាទៅបន់ស្រន់ចំពោះរូបសំណាក់ទេពធីតា ជារៀងរាល់ថ្ងៃ ដើម្បីឲ្យទេពធីតាជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងកាត់បន្ថយគ្រោះភ័យផ្សេងៗដែលកើតមានពីការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។ រូបសំណាក់ទេពធីតា ដែលពលរដ្ឋឥណ្ឌាបាននាំគ្នាទៅបន់ស្រន់ជាប្រចាំនោះត្រូវគេប្រទះឃើញមាននៅក្នុងព្រះវិហារបែបសាសនាហិណ្ឌូមួយកន្លែង ហើយរូបសំណាក់នោះមានចំនួន ២ ដែលរូបសំណាក់មួយធ្វើអំពីថ្ម និងមួយផ្សេងទៀតធ្វើអំពីខ្លឹមចន្ទន៍ក្រស្នា។

    បើតាមក្រុមលោកអាចារ្យប្រចាំនៅក្នុងព្រះវិហារខាងលើបានឲ្យដឹងថា ជារៀងរាល់ថ្ងៃមានពលរដ្ឋឥណ្ឌាជាច្រើននាក់បានយកម្ហូបអាហារនិងគ្រឿងតង្វាយផ្សេងៗទៅថ្វាយជូនទេពធីតា ហើយគេជឿថា ការបន់ស្រន់នេះនឹងជួយដោះស្រាយវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ បានមួយផ្នែកផងដែរ។ គួរម្លឹកថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសឥណ្ឌាកំពុងតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង ដោយជាមធ្យមឥណ្ឌាមានអ្នកឆ្លងប្រចាំថ្ងៃក្នុងខ្ទង់រាប់ម៉ឺននាក់ ខណៈតួលេខអ្នកស្លាប់វិញមានខ្ទង់រាប់ពាន់នាក់ ហើយតាមរយៈតួលេខអ្នកឆ្លងថ្មីនិងស្លាប់ដ៏ច្រើននេះបានធ្វើឲ្យឥណ្ឌាត្រូវជួបបញ្ហាសង្គមជាច្រើនដូចជា នៅតាមមន្ទីរពេទ្យត្រូវប្រឈមនឹងបញ្ហាខ្វះសម្ភារៈបរិក្ខាពេទ្យ គ្រែពេទ្យ ខ្យល់អ៊ុកស៊ីសែន ហើយចំពោះអ្នកស្លាប់វិញក៏ពិបាករកកន្លែងបូជាសពផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Aljazeera

    Share This Post: