ទុក្ខជាន់ទុក្ខ! ខណៈអាជ្ញាធរឥណ្ឌាហាមមិនឲ្យពលរដ្ឋចេញទៅផឹកស៊ីជុំគ្នាក្រៅផ្ទះ មានជនខិលខូចបានបន្លំលក់ស្រាក្លែងក្លាយធ្វើឲ្យមានអ្នកពុលបាត់បង់ជីវិតជាច្រើននាក់
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Morning Post បានរាយការណ៍ថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋឥណ្ឌាចំនួន ២៥ នាក់បានពុលស្រាក្លែងក្លាយស្លាប់កាលពីថ្ងៃអាទិត្យ ទី៣០ ខែឧសភា ម្សិលមិញនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា ដែលជារដ្ឋមានប្រជាជនឥណ្ឌារស់នៅច្រើនបំផុត ហើយក្នុងពេលបច្ចុប្បន្ននេះរដ្ឋមួយនេះក៏កំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងណាស់ដែរ។

ប្រភពខាងលើបានបន្តថា ក្រុមជនខិលខូចដែលជាអ្នកចែកចាយស្រាក្លែងក្លាយនោះមានចំនួន ១០ នាក់ ហើយសកម្មភាពនៃការលក់ស្រាក្លាយក្លាយនេះបានកើតឡើងស្របពេលអាជ្ញាធរឥណ្ឌាបានចេញបំរាមហាមឃាត់មិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នាឬផឹកស៊ីក្នុងចំណោមមនុស្សច្រើននៅតាមទីសាធារណៈដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ ស្ថិតក្នុងស្ថានភាពអំណោយផលដូចនេះហើយ ទើបក្រុមជនខិលខូចមានគំនិតផលិតស្រាក្លែងក្លាយដើម្បីលក់ជូនពលរដ្ឋដែលមិនអាចចេញទៅផឹកស៊ីជុំគ្នានៅក្រៅផ្ទះបាន។
យ៉ាងណាក្តីរហូតមកទល់នឹងពេលនេះប៉ូលិសបានចាប់ខ្លួនជនខិលខូចទាំងនោះបានអស់ហើយ និងអាចកាត់ផ្តាច់ចរន្តនៃការចែកចាយស្រាក្លែងក្លាយទាំងអស់នោះបានផងដែរ។ តាមរបាយការណ៍មួយបានបញ្ជាក់ថា គិតជាមធ្យមប្រទេសឥណ្ឌាមានតម្រូវការប្រើប្រាស់គ្រឿងស្រវឹងប្រមាណជា ៥ ពាន់លានលីត្រក្នុងមួយឆ្នាំ ហើយក្នុងនោះមានគ្រឿងស្រវឹងប្រមាណជា ៤០% គឺជាផលិតផលក្លែងក្លាយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post