ចិនអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ប្រភេទនេះលើក្មេងៗមានអាយុពី ៣-១៧ ឆ្នាំ
ចិន៖ យោងតាមការចុះផ្សាយតាមរយៈសារព័ត៌មាន RTHK បានឲ្យដឹងថា ចិនបានអនុម័តជាផ្លូវការឲ្យមានការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinovac Biotech ចំពោះកូនក្មេងដែលមានអាយុចន្លោះពី ៣ឆ្នាំ ទៅ ១៧ឆ្នាំហើយ។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោក Yin Weidong ដែលជាប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំងតាមរយៈបណ្តាញទូរទស្សន៍រដ្ឋចិនកាលពីយប់ថ្ងៃសុក្រ ទី ៤ ឧសភា ម្សិលមិញនេះ។

ក្នុងឱកាសនោះលោក Yin Weidong ក៏បានរម្លឹកដែរថា គិតមកទល់នឹងពេលនេះមានវ៉ាក់សាំង Sinovac ប្រមាណជា ៧២៣,៥ លានដូសហើយ ដែលត្រូវបានចាក់ជូនពលរដ្ឋចិន ខណៈក្រុមពលរដ្ឋទាំងនោះសុទ្ធតែជាមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ។ យ៉ាងណាក្តី ចាប់ពីពេលនេះតទៅវ៉ាក់សាំង Sinovac ក៏អាចចាក់ជូនពលរដ្ឋដែលមានអាយុចន្លោះពី ៣ឆ្នាំ ទៅ ១៧ឆ្នាំបានផងដែរ ដែលវាគឺជារឿងដ៏ល្អបំផុតមួយសម្រាប់មនុស្សជាតិនៅទូទាំងពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ RTHK