ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តព្រូស ព្រលះជាមួយរថយន្តកូរ៉ូឡា ហើយខ្ទាតទៅបុកម៉ូតូឌ្រីមសង់ និងជ្រុលបុកផ្ទប់បង្គោលភ្លើងថែមទៀត

    BY Khmernote Media June 7, 2021
    រថយន្តព្រូស ព្រលះជាមួយរថយន្តកូរ៉ូឡា ហើយខ្ទាតទៅបុកម៉ូតូឌ្រីមសង់ និងជ្រុលបុកផ្ទប់បង្គោលភ្លើងថែមទៀត

    រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! រថយន្ត TOYOTA PRIUS ដែលបិទ Sticker “CPC – Cambodia Prius Club” បុកជាមួយនឹងរថយន្តកូរ៉ូឡា ទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរថយន្តកូរ៉ូឡាខ្ទាតទៅបុកជាម៉ូតូឌ្រីមសង់ ដែលកំពុងតែធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយរថយន្តកូរ៉ូឡាបន្តទៅបុកផ្ទប់បង្គោលខ្សែភ្លើងនិងប្រអប់ប្រព័ន្ធភ្លើងបំភ្លឺផ្លូវខូចខាតយ៉ាងដំណំ រីឯរថយន្តព្រូសរេចង្កូតចូលគន្លងម្ខាងទៀតបាក់កាឡេកង់មុខបើកទៅមុខមិនរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្ដែងៗនេះ កើតឡើងកាលពីម៉ោង០៨:២០នាទីយប់ ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើផ្លូវជាតិលេខ១ ជិតច្រកចូលវត្តមជ្ឈិមវ័ន្ត ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    សាក្សីដែលឃើញហេតុការណ៍បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-8294 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីភ្នំពេញចេញទៅខេត្ត និងក្នុងល្បឿនយ៉ាងលឿន ស្របពេលគ្នានោះដែរ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BK-0849 ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ រថយន្តទាំងពីរគ្រឿងក៏បានជ្រុលបុកគ្នាចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តរថយន្តកូរ៉ូឡារេចង្កូតទៅខាងឆ្វេងឆ្លងចូលផ្លូវម្ខាងទៀត។

    ខណៈពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1O-2270។ ដែលជិះដោយបុរសម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅស្របគ្នា តាមពីក្រោយរថយន្តព្រូស។ រួចម៉ូតូនោះក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តកូរ៉ូឡាពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯបុរសជាម្ចាស់ម៉ូតូបានរងរបួសបែកក្បាលធ្ងន់ធ្ងរ។ ហើយរថយន្តកូរ៉ូឡានៅមិនទាន់អស់ល្បឿន ក៏ជ្រុលធ្លាក់ចេញពីផ្លូវទៅបុកប្រអប់កាប៊ីនភ្លើងមួយប្រអប់ដែលនៅជាប់បង្គោលភ្លើង នៅខាងមុខផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច។ ចំណែកឯរថយន្តកូរ៉ូឡាបានរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងស្ដាំនិងផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ ដោយឡែករថយន្តព្រូសបានរេចង្កូតទៅខាងឆ្វេងឆ្លងចូលផ្លូវម្ខាងទៀត រងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងឆ្វេង បន្ទាប់មកក៏មានរថយន្តរបស់គ្លីនិកឯកសួគា៍ បានមកដឹកយកជនរងគ្រោះទៅធ្វើការសង្គ្រោះភ្លាមៗតែម្តង។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ និងសមត្ថកិច្ចផ្នែកវែងចរាចរណ៍ខណ្ឌច្បារអំពៅ ក៏បានចុះមកធ្វើការអន្តរាគមន៍និងទាក់ទងហៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿង រួមទាំងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: