សារព័ត៌មាន Daily Mail ផ្សាយថា ក្រុមវេជ្ជបណ្ឌិតឥណ្ឌាអះអាងថា ជំងឺកូវីដ១៩ បំប្លែងខ្លួននៅឥណ្ឌាប្រភេទ “Delta” អាចធ្វើឲ្យអ្នកជំងឺមានបញ្ហា ២ នេះជារៀងរហូត
ឥណ្ឌា៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាបានអះអាងថា ជំងឺ COVID-19 បំប្លែងខ្លួនថ្មី ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌា អាចធ្វើឲ្យអ្នកជំងឺកើតមានបញ្ហាដំបៅរលួយ និងមានបញ្ហាថ្លង់ស្តាប់អ្វីលែងសូវឮជារៀងរហូតទៀតផង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ គួររម្លឹកជូនដែរថា ពីមុនយើងដឹងត្រឹមថា ជំងឺ COVID-19 បំប្លែងខ្លួននៅឥណ្ឌា ដែលមានកូដឈ្មោះ “B1617.2” ឬហៅថា “Delta” (ហៅតាមការដាក់របស់ WHO) អាចចម្លងបានលឿន ការឆ្លងមានសភាពធ្ងន់ធ្ងរ និងទំនងជាមិនត្រូវជាមួយវ៉ាក់សាំងប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងអាចដឹងពីផលវិបាកមួយចំនួនទៀត បន្ទាប់ពីអ្នកជំងឺបានឆ្លងជំងឺប្រភេទនេះរួច។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិតឥណ្ឌាជាច្រើនសុទ្ធតែបានអះអាងដូចៗគ្នាថា អ្នកដែលបានឆ្លងជំងឺ COVID-19 បំប្លែងខ្លួននៅឥណ្ឌាមួយចំនួន បានកើតមានបញ្ហាកកឈាមនៅក្រោមស្បែក ហើយបញ្ហានេះនាំឲ្យកើតមានដំបៅរលួយស្បែកយ៉ាងលឿន ខណៈមានអ្នកជំងឺខ្លះត្រូវបង្ខំចិត្តកាត់ដៃ ជើង ឬផ្នែកខ្លះនៃរាងកាយចោលជាបន្ទាន់ទៀតផង ដើម្បីទប់ស្កាត់កុំឲ្យដំបៅកាន់តែរីកធំឡើង។ សម្រាប់អ្នកជំងឺ COVID-19 បំប្លែងខ្លួនថ្មី នៅក្នុងវ័យជាយុវជនវិញ វាត្រូវបានគេកត់សម្គាល់ឃើញថា ពួកគេបានកើតមានបញ្ហាខ្សោយការស្ដាប់ ហើយសម្រាប់អ្នកខ្លះវិញបញ្ហាថ្លង់នេះ អាចកើតមានជារៀងរហូតតែម្តង បើទោះជាពួកគេបានជាសះស្បើយពីជំងឺ COVID-19 នេះហើយក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail