ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍២ករណីនៅកន្លែងតែមួយ បណ្តាលឲ្យរថយន្ត៤គ្រឿង និងម៉ូតូ១គ្រឿងរងការខូចខាត

BY
Khmernote Media
June 12, 2021

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍២ករណីនៅកន្លែងតែមួយ ដោយករណីទី១.រវាងរថយន្ត Starex បើកទៅបុកពីក្រោយរថយន្ត PRIUS កំពុងឈប់រងចាំស្តុប ហើយរុញទៅបុករ៉ឺម៉កដឹកបន្លែ បណ្ដាលឲ្យរថយន្ត PRIUS ខូចខាតផ្នែកខាងមុខនិងខាងក្រោយយ៉ាងដំណំ និងករណីទី២.រវាងរថយន្តកូរ៉េដឹកទំនិញ កៀររថយន្ត PRIUS ធ្លាក់កាងខាងមុខខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត៨យប់ ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស កែងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសម្ដីនគរបាលចរាចរណ៍ដែលប្រចាំការគោលដៅច្រមុះជ្រូកក្បាលថ្នល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ ខណៈដែលចរាចរណ៍កំពុងមានការមមាញឹក មានរថយន្តមួយគ្រឿង ពណ៌ទឹកប្រាក់ (គ្មានស្លាកលេខ) បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីលិចមកកើត បានមកឈប់រងចាំភ្លើងសញ្ញាចរាចរណ៍(ភ្លើងស្តុប)នៅចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយស្តារិច (Hyandai Starex) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-7797 ដែលបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងសភាពស្រវឹងធ្លាក់ភ្នែក បានធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយរថយន្ត PRIUS ហើយរុញទៅបុកពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែដែលកំពុងឈប់រងចាំស្តុបពីមុខរថយន្ត PRIUS បណ្ដាលឲ្យរថយន្ត PRIUS ខូចខាតទាំងមុខទាំងក្រោយយ៉ាងដំណំ រីឯរ៉ឺម៉កម៉ូតូដឹកបន្លែមិនខូចខាតអ្វីទេ ក៏បន្តដំណើរទៅមុខទៀតបាត់ទៅ ចំណែកឯអ្នកបើកបររថយន្ត Starex ដែលស្រវឹងនោះ ត្រូវបានសមត្ថកិច្ចឃាត់ជាបណ្ដោះអាសន្ន និងទាក់ទងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះមកពិនិត្យមើល រួចយករថយន្តទាំងពីរគ្រឿងអែបខាងសិន ដើម្បីដោះស្រាយគ្នាមួយជំហានសិន។

បន្តិចក្រោយមក ស្រាប់តែមានរថយន្តកូរ៉េដឹកទំនិញប្រភេទឃ្លប់ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Z-4809 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមផ្លូវព្រះមុនីវង្សទិសដៅពីកើតមកលិច ក្នុងល្បឿនយឺតៗ ខ្វះការប្រុងប្រយ័ត្ន បានកៀររថយន្តម៉ាក PRIUS ពណ៌ស មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2BL-5067 ដែលបើកបរដោយបុរសម្នាក់ដែរ បណ្ដាលឲ្យខូចខាតធ្លាក់កាងផ្នែកខាងមុខចំហៀងខាងស្ដាំ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ភ្លាមៗសមត្ថកិច្ចបានឃាត់រថយន្តបាន រួចអោយអែបខាងអោយម្ចាស់រថយន្តទាំងសងខាង ធ្វើការចរចារគ្នាមួយជំហានសិនផងដែរ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ករណីទី២ភាគីទាំងសងខាងបានដោះស្រាយគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ចំណែកករណីទី១វិញ សមត្ថកិច្ចបានអោយភាគីទាំងសងខាងចរចារគ្នាមួយជំហានសិន បើសិនជាការចរចារគ្នាដោះស្រាយបញ្ចប់រឿងមិនបាន ទើបសមត្ថកិច្ចទាក់ទងហៅជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: