អន្តរជាតិ

ថៃនឹងប្រើវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទនេះលើកុមារអាយុពី១២-១៨ឆ្នាំ

BY
Pheakdey
June 14, 2021

ថៃ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul បានថ្លែងកាលពីពេលថ្មីៗនេះថា ថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋវ័យក្មេងដែលមានអាយុចន្លោះពី ១២ឆ្នាំ ដល់ ១៨ឆ្នាំ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២១ នេះហើយ ខណៈវ៉ាក់សាំងដែលថៃនឹងប្រើប្រាស់សម្រាប់ចាក់ជូនពលរដ្ឋវ័យក្មេងទាំងនេះគឺវ៉ាក់សាំង​ Pfizer របស់សហរដ្ឋអាមេរិក។

លោក  Anutin Charnvirakul  រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ

បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា តាមគម្រោងគឺថៃនឹងបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន ២០ លានដូស ហើយរហូតមកទល់នឹងពេលនេះកិច្ចសន្សាទិញវ៉ាក់សាំងបានរៀបចំរួចអស់ហើយ ដោយគេរំពឹងច្បាស់ថានៅក្នុងអំឡុងត្រីមាសទី ៤ នៅក្នុងឆ្នាំនេះ វ៉ាក់សាំងនឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសថៃគ្រប់ចំនួនផងដែរ។ នាយកដ្ឋានដដែលនេះបានបន្តថា ពេលនេះក្រុមការងារទទួលបន្ទុកផ្នែកចាក់វ៉ាក់សាំងបានសហការជាមួយខាងសាលារៀននៅទូទាំងប្រទេសថៃរួចហើយដើម្បីរៀបចំការចាក់វ៉ាក់សាំងនេះ ហើយគេជឿថាយុទ្ធនាការចាក់វ៉ាក់សាំងនឹងត្រូវប្រព្រឹត្តទៅដោយរលូនព្រោះក្រុមពលរដ្ឋវ័យក្មេងទាំងនេះមានចំនួនប្រមាណជា ៥ លាននាក់ប៉ុណ្ណោះ ខណៈវ៉ាក់សាំងដែលគេបានត្រៀមទុកមានរហូតដល់ ២០ លានដូស៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: