អន្តរជាតិ

កូរ៉េខាងត្បូងនឹងអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ នៅក្រៅប្រទេសរួចអាចចូលមកក្នុងប្រទេសខ្លួនដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក

BY
Pheakdey
June 14, 2021

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ម្សិលមិញនេះថា កូរ៉េខាងត្បូងនឹងសម្រេចលើកលែងឲ្យពលរដ្ឋមួយចំនួនដែលបានចាក់វ៉ាក់សាំងនៅក្រៅប្រទេសអាចធ្វើដំណើរចូលមកក្នុងប្រទេសខ្លួនបានដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនោះទេ។ គួររម្លឹកថា កាលពីថ្ងៃទី ៥ ខែ ឧសភា កន្លងទៅអាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូង​ធ្លាប់ផ្តល់ការលើកលែងចំពោះការធ្វើចត្តាឡីស័កនេះ សម្រាប់តែពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំង ២ ដូសនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ តែចាប់ពីថ្ងៃទី ១ ខែ កក្កដានេះតទៅកូរ៉េខាងត្បូងនឹងសម្រេចបន្ធូរបន្ថយវិធានការនេះបន្តិចដោយអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចមិនថាចាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងឬនៅក្រៅប្រទេសនោះទេគឺអាចធ្វើដំណើរចូលមកទឹកដីកូរ៉េខាងត្បូងបានដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កដូចគ្នា។

យ៉ាងណាក្តី ការលើកលែងនេះត្រូវបានអនុវត្តចំពោះក្រុមពលរដ្ឋដែលមានលក្ខខណ្ឌមួយចំនួនដូចជា ជាពលរដ្ឋកូរ៉េខាងត្បូងឬជនបរទេសដែលមានសិទ្ធរស់នៅស្របច្បាប់ក្នុងប្រទេសកូរ៉េខាងត្បូង អ្នកដំណើរមកលេងសាច់ញាតិក្នុងរយៈពេលខ្លី អ្នកធ្វើមកធ្វើធុរៈកិច្ច មកបន្តការសិក្សា ឬមកបំពេញបេសកកម្មដែលបម្រើប្រយោជន៍សាធាណារៈ។ ក្រុមពលរដ្ឋទាំងនេះក៏ត្រូវតម្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ ទាំងមុនពេលចេញដំណើរនិងក្រោយពេលមកប្រទេសកូរ៉េខាងត្បូងភ្លាមផងដែរ ខណៈពលរដ្ឋដែលធ្វើដំណើរមកពីប្រទេសដែលមានរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងគឺត្រូវធ្វើចត្តាឡីស័កជាចាំបាច់ បើទោះជាពួកគេមានលក្ខខណ្ឌទាំងអស់នេះក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: