អន្តរជាតិ

វ៉ាក់សាំងកូវីដថ្មីមួយទៀត ត្រូវក្រុមហ៊ុនដែលផលិតអះអាងថា មានប្រសិទ្ធភាពប្រឆាំងនឹងកូវីដ ១៩ បានជាង ៩០%

BY
Pheakdey
June 15, 2021

អង់គ្លេស៖ ក្រុមហ៊ុន Novavax Inc បានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនមានប្រសិទ្ធភាពអាចប្រឆាំងនឹងមេរោគកូវីដ ១៩ នាពេលបច្ចុប្បន្ននេះបានរហូតដល់ទៅជាង ៩០% ឯណោះ។  Novavax Inc គឺជាក្រុមហ៊ុនផលិវ៉ាក់សាំងថ្មីមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុង Gaithersburg រដ្ឋ Maryland សហរដ្ឋអាមេរិក។ ថ្មីៗនេះក្រុមហ៊ុនទ់ើបទទួលបានជោគជ័យក្នុងការពិសោធន៍វ៉ាក់សាំងលើកចុងក្រោយរបស់ខ្លួន ដែលការពិសោធន៍នោះត្រូវបានធ្វើឡើងក្នុងចំណោមក្រុមអ្នកស្ម័គ្រចិត្តចំនួន ៣០,០០០នាក់ មកពីក្រុងចំនួន ១១៣ ក្នុងសហរដ្ឋអាមេរិក និងមកពីក្រុងចំនួន ៦ ក្នុងប្រទេសមិចស៊ីកូ។

លទ្ធផលនៃការសិក្សាបានបង្ហាញ វ៉ាក់សាំង Novavax មានប្រសិទ្ធអាចប្រឆាំងនឹងមេរោគនៃជំងឺកូវីដ ១៩ ធម្មតាបានរហូតដល់ ៩៣,២ %​ និងមានប្រសិទ្ធភាពត្រឹម ៩០,៤% ចំពោះមេរោគកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីដែលកំពុងរាតត្បាតក្នុងប្រទេសមួយចំនួននាពេលបច្ចុប្បន្ននេះ។ ដោយឡែកបើនិយាយចំពោះប្រសិទ្ធភាពការពារមិនឲ្យកើតមានជំងឺធ្ងន់ធ្ងរវិញគឺវ៉ាក់សាំងប្រភេទនេះមានប្រសិទ្ធភាពអាចការពាររហូតដល់ ១០០% តែម្តង។

គ្រាន់តែបង្ហាញលទ្ធផលល្អដូចនេះភ្លាម រដ្ឋាភិបាលអាមេរិកបានសម្រេចបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនថ្មីនេះចំនួន ១០០ លានដូស ខណៈអង់គ្លេសក៏បានបញ្ជាទិញចំនួន ៦០ លានដូសផងដែរ។ យ៉ាងណាក្តី ក្រុមហ៊ុន Novavax Inc បានឲ្យដឹងថា ក្រុមហ៊ុនត្រូវការទទួលបានការអនុញ្ញាតជាផ្លូវការពីរដ្ឋបាលផ្នែកចំណីអាហារអាមេរិកជាមុនសិន ទើបក្រុមហ៊ុនមានសិទ្ធផលិតវ៉ាក់សាំងដោយស្របច្បាប់ ហើយតាមគម្រោងគឺក្រុមហ៊ុនអាចផលិតវ៉ាក់សាំងបានចំនួន ១០០ លានដូសនៅត្រឹមខែ កញ្ញា ខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: